ស៊ូដង់៖ ការប៉ះទង្គិចគ្នាបានរាលដាលដល់តំបន់ជាច្រើនរបស់ប្រទេសស៊ូដង់នៅថ្ងៃទី១០០នៃសង្រ្គាមនេះ កាលពីថ្ងៃអាទិត្យ ខណៈការប៉ុនប៉ងសម្របសម្រួលដោយប្រទេសក្នុងតំបន់ និងមហាអំណាចអន្តរជាតិ បរាជ័យក្នុងការត្រួសត្រាយផ្លូវបញ្ចប់ជម្លោះដែលចេះតែរីកធំ។

ការវាយប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា ខណៈកងទ័ពនិង កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានព្យាយាមដណ្ដើមអំណាច ចាប់តាំងពីនៅពេលដែលមនុស្សជាង៣លាននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋាន រួមទាំងមនុស្សជាង៧០ម៉ឺននាក់ ដែលបានរត់គេចខ្លួនចេញទៅកាន់បណ្ដាប្រទេសជិតខាង។
យោងតាមក្រសួងសុខាភិបាល មនុស្សចំនួន ១.១៣៦នាក់ បានស្លាប់ ទោះបីជាក្រុមមន្ត្រីជឿថាចំនួនពិតប្រាកដមានច្រើនជាងនេះក៏ដោយ។
ទាំងកងទ័ព ទាំង RSF មិនអាចដណ្តើមយកជ័យជម្នះបានទេ ស្របពេលក្រុមកងកម្លាំងRSF បង្កើនការវាយប្រយុទ្ធនៅលើដីក្នុងរដ្ឋធានីខាទុំ( Khartoum) ប្រឆាំងនឹងកម្លាំងទ័ពអាកាស និងកាំភ្លើងធំ។
ហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលនៅក្នុងរដ្ឋធានី បានដួលរលំដោយផ្នែក ខណៈការវាយប្រយុទ្ធគ្នាបានរាលដាលពាសពេញភាគខាងលិច ពិសេសបានបំផ្លិចបំផ្លាញក្នុងតំបន់ដាហ្វួរ(Darfur) ព្រមទាំងភាគខាងត្បូង ជាទីដែលក្រុមឧទ្ទាម SPLM-N បានព្យាយាមដណ្ដើមដែនដីមកវិញ៕
