ព្រះសីហនុ៖ រដ្ឋបាលខេត្តសីហនុ បានទទួលឡានក្រុង ១០គ្រឿង ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅ-មក ដោយមិនគិតថ្ងៃ (ទៅ និងត្រឡប់មកពី បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣) កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅវេទិកា ៧មករា ផ្លូវឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡានក្រុងចំនួន៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈទៅ-មក ដោយមិនគិតថ្ងៃ (ទៅ និងត្រឡប់មកពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣)។




