
ដើម្បីជួយផ្តល់ភាពត្រជាក់ដល់ក្រុមការងារចែកចាយទំនិញ អំឡុងរលកកម្តៅរដូវក្តៅដ៏ខ្លាំងបំផុតនៅអារ៉ាប់រួម ស្ថានីយ៍គ្រប់គ្រងអាកាសធាតុដើរដោយថាមពលពន្លឺព្រះអាទិត្យ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅទីក្រុង Abu Dhabi ដើម្បីធ្វើឲ្យអ្នកបើកបរអាចសាកភ្លើងឡើងវិញ រវាងការបញ្ជាទិញរបស់ពួកគេ ។
បន្ទប់មេត្រីភាពបរិស្ថាន នឹងផ្តល់ជាកៅអីអង្គុយ ម៉ាស៊ីនទឹក ម៉ាស៊ីនត្រជាក់ និងកន្លែងសាកភ្លើង សម្រាប់អ្នកបើកបរអំឡុងវេនធ្វើការរយៈពេល ១០ម៉ោងរបស់ពួកគេ ។
លោក Abdelrahman Jamilគឺជាអ្នកបើកបរមួយរូប ដែលបានធ្វើជាអ្នកចែកចាយទំនិញអស់រយៈពេល ៦ឆ្នាំមកហើយនោះ និយាយថា ពួកយើងអាចអង្គុយនៅលើកៅអី និងកាត់បន្ថយសីតុណ្ហភាពក្នុងខ្លួនបាន ដូច្នេះហើយវាពិតជាល្អខ្លាំងណាស់សម្រាប់ពួកយើងនៅទីនេះ ។
គម្រោងបណ្តើមគំនិតមួយនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ “រួមគ្នារដូវក្តៅ” ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយគណៈកម្មាធិការចម្រុះសម្រាប់សុវត្ថិភាពចរាចរណ៍ ដោយសហការជាមួយក្រុមហ៊ុនចែកចាយចំណីអាហារ Talabatដើម្បីផ្តល់ទីជម្រកដល់កម្មករ ស្របពេលគាំទ្រគោលដៅបរិស្ថាននៅក្នុងប្រទេសអារ៉ាប់រួម ។
គណៈកម្មាធិការ និយាយថា “ផែនការពង្រីកក្នុងបញ្ហានេះ” កើតមានឡើងដោយស្របតាមចក្ខុវិស័យប្រកបដោយចេរភាពរបស់អារ៉ាប់រួម ខណៈពេលដែលពួកគេ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាកាសធាតុ COP28នៅខែធ្នូខាងមុខនេះ ។
កាលពីមុន អារ៉ាប់រួមធ្លាប់បានប្រកាសបំរាមលើការធ្វើការខាងក្រៅ និងត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់ ចាប់ពីម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ៣រសៀល អំឡុងពេល ៣ខែ ចាប់ពីពាក់កណ្តាលខែមិថុនា រហូតដល់ពាក់កណ្តាលខែកញ្ញា ដើម្បីការពាររបួស ឬជំងឺពាក់ព័ន្ធនឹងការងារ៕