អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានអនុម័តសេចក្តីស្នើច្បាប់លើកដំបូងនៃកំណែទម្រង់ប្រព័ន្ធតុលាការបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានសម្របសម្រួលដ៏ចម្រូងចម្រាសចុងក្រោយ បានដួលរលំ និងបរាជ័យក្នុងការបន្ធូរបន្ថយវិបត្តិរដ្ឋធម្មនុញ្ញ ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្ទុះកំហឹងរយៈពេលជាច្រើនខែមកនេះ ហើយក្រុមអ្នកតវ៉ានៅតែបន្តបេ្ដជ្ញាប្រឆាំងនឹងច្បាប់នេះ។
វិសោធនកម្មនេះ រឹតត្បិតអំណាចរបស់តុលាការកំពូលក្នុងការចាត់ទុកជាមោឃភាពនូវការសម្រេចចិត្តមួយចំនួន របស់រដ្ឋាភិបាល ប្រសិនបើចាត់ទុកថាសេចក្ដីសម្រេចទាំងនោះ "មិនសមហេតុផល" ដែលបានអនុម័តដោយសម្លេងគាំទ្រ ៦៤ ទល់នឹង ០ បន្ទាប់ពីសមាជិកសភារបស់គណបក្សប្រឆាំងបានបោះបង់ចោលសម័យប្រជុំ ជាការតវ៉ាបង្ហាញការមិនពេញចិត្ត ដោយខ្លះបានស្រែកថា"ភាពអាម៉ាស់!"។

បាតុកម្មប្រឆាំងនឹងវិសោធនកម្មនេះ បានចាប់ផ្តើមនៅព្រឹកព្រលឹម ដោយនគរបាលបានអូសក្រុមបាតុករ ដែលបានដាក់ច្រវាក់ខ្លួនឯងទៅកាន់ប៉ុស្តិ៍នគរបាល និងបិទផ្លូវនៅខាងក្រៅសភា។ នៅពេលល្ងាច មនុស្សរាប់ពាន់នាក់បានចេញតវ៉ាតាមផ្លូវទូទាំងប្រទេស ដោយបិទផ្លូវហាយវ៉េនិងប៉ះទង្គិចជាមួយនគរបាល។នគរបាលអ៊ីស្រាអែលនិយាយថា មនុស្ស១៩នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។
ប៉ុន្តែរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ជំហរការធ្វើកំណែទម្រង់នេះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកយ៉ារីវ ឡេវីន (Yariv Levin) ដែលជានិម្មាបនករនៃកញ្ចប់នីតិបញ្ញត្តិ ស្នើឡើងដោយលោក Netanyahu ជាការតម្រូវដ៏ចាំបាច់ក្នុងការបង្កើតតុល្យភាពបន្ថែមទៀតក្នុងចំណោមអង្គតុល្យភាពអំណាចនៃរដ្ឋាភិបាល បានហៅការបោះឆ្នោត កាលពីថ្ងៃចន្ទថាជា "ជំហានដំបូង" ។
ក្រុមអ្នករិះគន់និយាយថាការផ្លាស់ប្តូរនេះនឹងបើកទ្វារឲ្យមានការរំលោភបំពានអំណាចដោយដកចេញការត្រួតពិនិត្យតុល្យភាពប្រកបដោយប្រសិទ្ធភាពលើសិទ្ធិអំណាចនិតិប្រតិបត្តិ។ ការផ្លាស់ប្តូរដែលបានគ្រោងទុកបានបណ្តាលឲ្យមានការតវ៉ាទូទាំងប្រទេសដែលមិនធ្លាប់មានជាច្រើនខែ ហើយបានធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តនៅបរទេសចំពោះសុខភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល៕
