ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសចិន និងប្រទេសរុស្ស៊ី បានបញ្ចប់សមយុទ្ធកងទ័ពជើងទឹក និងអាកាស នៅសមុទ្រជប៉ុន ក្នុងគោលបំណងការពារសន្តិសុខផ្លូវទឹក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានថតឃ្លីបវីដេអូ នាវាចម្បាំងចិន និងរុស្ស៊ី ដែលកំពុងចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រ។
នាវាជាង១០គ្រឿង និងយន្តហោះចម្បាំង៣០គ្រឿងមកពីភាគីទាំងពីរ បានចូលរួមនៅក្នុងសមយុទ្ធ ឆ្នាំ២០២៣ រយៈពេល៤ថ្ងៃ ខណៈកងកម្លាំងទ័ពអាកាស និងកងទ័ពជើងទឹកចិន និងរុស្ស៊ី រួមគ្នាធ្វើសមយុទ្ធវាយរុញច្រាន រារាំង ការពារដែនអាកាសនិងដែនទឹក ដែលបានបញ្ជានិងតាមផែនការ។
ការបង្ហាញពីសាមគ្គីភាព រវាងយោធា ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក បង្កើនទំនាក់ទំនង ជាមួយប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលកំពុងសំឡឹងមើលដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដែលធ្វើឲ្យប្រទេសចិន និងរុស្ស៊ីមានកំហឹង៕
