ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Hilal បានដាក់សំណើផ្លូវការទៅកាន់ក្លិបបារាំង Paris Saint Germain តម្លៃបំបែកកំណត់ត្រាពិភពលោក ២៥៩ លានផោនដើម្បីនាំយកខ្សែប្រយុទ្ធបារាំង Kylian Mbappe។
ប្រធានក្រុមជម្រើសជាតិបារាំងវ័យ ២៤ ឆ្នាំរូបនេះ ដែលនៅសល់កិច្ចសន្យាមួយឆ្នាំជាមួយ PSG បានបដិសេធ មិនបន្តកិច្ចសន្យា ហើយ PSG ក៏មិនដាក់ឈ្មោះ Mbappe មកប្រកួតមិត្តភាព Pre-Season នៅជប៉ុនដែរ។
PSG មានគម្រោងលក់ Mbappe ឱ្យបានក្នុងរដូវក្តៅនេះ ប្រសើរជាឱ្យអតីតខ្សែប្រយុទ្ធ Monaco រូបនេះចាកចេញ ដោយគ្មានបានអ្វីសោះនៅដំណាច់រដូវកាលក្រោយ។
ការផ្លាស់របស់ Neymar ២០០ លានផោនពី Barcelona មកកាន់ PSG កាលពីឆ្នាំ ២០១៧ គឺជាកំណត់ត្រា តម្លៃផ្ទេរខ្ពស់បំផុតមកដល់ពេលនេះ។

Al-Hilal នៅពេលនេះទទួលបានភ្លើងខៀវក្នុងការចរចាជាមួយសាមីកីឡាករផ្ទាល់។
រឿងរ៉ាងទំនាក់ទំនងរវាង PSG និង Mbappe នៅពេលនេះកំពុងបែកបាក់ជុំវិញរឿងមិនបន្តកិច្ចសន្យានេះ និងឈានដល់មានការប្តឹងពីសមាគមកីឡាករបាល់ទាត់បារាំងទៅកាន់ PSG ដែលពួកគេចោទប្រកាន់ថាក្លិបបារាំងមួយនេះ គាបសង្កត់កិច្ចសន្យាកីឡាករ។
PSG កន្លងមកធ្លាប់បាននិយាយថា បើសិន Mbappe សម្រេចចិត្តនៅជាមួយក្លិបបន្តគឺត្រូវតែបន្តកិច្ចសន្យា ដោយមិនអាចលេងបំពេញកិច្ចសន្យាដែលនៅសល់ ហើយដើរចេញនោះទេ។
មិនមែនជារឿងថ្មីឡើយដែល Kylian Mbappe ចង់ចាកចេញពី PSG ពោលគឺកាលពីខែឧសភាឆ្នាំមុនមានដំណឹងចរចាជាមួយ Real Madrid មុនការចរចាកិច្ចសន្យាថ្មីជោគជ័យជាមួយ PSG ក្នុងខែឧសភានោះ៕ អត្ថបទ៖នាង សុភាវុធ
