
ការសម្រេចរបស់មហាសេដ្ឋីលោក Elon Musk ក្នុងការប្តូរឡូហ្គោក្រុមហ៊ុន Twitter ទៅជាអក្សរ X អាចមានភាពស្មុគស្មាញផ្នែកច្បាប់ ដោយសារក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន Meta និងក្រុមហ៊ុន Microsoft ក៏មានកម្មសិទ្ធិបញ្ញារួចហើយចំពោះឡូហ្គោអក្សរដូចគ្នានោះ។
អក្សរ X មានភាពទូលំទូលាយ និងត្រូវបានលើកឡើងនៅក្នុងពាណិជ្ជសញ្ញា ដែលវាជាមូលហេតុសម្រាប់បណ្តឹងជាច្រើន ហើយក្រុមហ៊ុន Twitter អាចប្រឈមមុខនឹងបញ្ហាជាច្រើននាពេលអនាគតទាក់ទងនឹងស្លាកសញ្ញាឡូហ្គោថ្មីអក្សរ X នេះ។
មេធាវីផ្នែកពាណិជ្ជសញ្ញា លោក Josh Gerben ដែលបាននិយាយថា លោកបានរាប់ចំនួនការចុះបញ្ជីពាណិជ្ជសញ្ញាចំនួន៩០០ម៉ាក ដែលភាគច្រើនគ្របដណ្តប់លើអក្សរ X រួចហើយនៅទូទាំងឧស្សាហកម្មដ៏ធំទូលាយមួយ ដោយលោកបន្ថែមថា "វាច្បាស់ណាស់ថាមានឱកាស ១០០% ដែលក្រុមហ៊ុនណាមួយនឹងប្តឹងក្រុមហ៊ុន Twitter ជុំវិញរឿងស្លាកសញ្ញានេះ" ។
ក្រុមហ៊ុន Microsoft បានកាន់កាប់ពាណិជ្ជសញ្ញាអក្សរ X តាំងពីឆ្នាំ២០០៣ ទាក់ទងនឹងទំនាក់ទំនងនៅលើប្រព័ន្ធវីដេអូហ្គេម Xbox របស់ខ្លួន។
ក្រុមហ៊ុន Meta Platforms ដែលវេទិកាកម្មវិធី Threads របស់ខ្លួនគឺជាគូប្រជែងថ្មីរបស់ក្រុមហ៊ុន Twitter ជាម្ចាស់ពាណិជ្ជសញ្ញាដែលបានចុះបញ្ជីសហព័ន្ធកាលពីឆ្នាំ២០១៩ ដែលគ្របដណ្ដប់លើអក្សរ “X” ពណ៌ខៀវ និងពណ៌ស សម្រាប់បណ្ដាញនានា រួមទាំងកម្មវិធី និងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ៕