
ស្ត្រីរាប់រយនាក់ បានជួបជុំគ្នាធ្វើបាតុកម្មនៅខាងក្រៅគេហដ្ឋានរបស់រដ្ឋមន្ត្រីកម្រិតរដ្ឋរបស់ក្រសួងអប់រំឥណ្ឌា ក្នុងរដ្ឋ Manipur ពាក់ព័ន្ធនឹងការមានភាពចលាចល រវាងជនជាតិភាគតិច ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ជាង ១២០នាក់ នៅភាគឦសាននៃរដ្ឋដាច់ស្រយាលមួយនេះ។
ក្រុមអ្នកតវ៉ាដែលមានបដា និងផ្ទាំងរូបភាព បានលើកពាក្យស្លោកនានា ខណៈដែលពួកគេព្យាយាមសម្រុកឆ្ពោះទៅផ្ទះរបស់លោក Rajkumar Ranjan Singh ប៉ុន្តែត្រូវបានរារាំងដោយបុគ្គលិកសន្តិសុខ។
ដោយឡែកនៅរដ្ឋជិតខាង Mizoram ឯណោះវិញ ក្រុមបាតុករ បាននាំគ្នាតវ៉ា ដើម្បីថ្កោលទោសចំពោះវីដេអូមួយ ដោយចោទប្រកាន់ពីការរំលោភបូក និងការបង្ខំឲ្យស្ត្រី ២នាក់ដើរដង្ហែតាមផ្លូវទាំងអាក្រាតកាយ។ ហេតុការណ៍នោះ បានកើតឡើងកាលពីជាង ២ខែមុន ប៉ុន្តែបានទាក់ទាញការចាប់អារម្មណ៍ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ខណៈវីដេអូនេះ ត្រូវបានចែករំលែកយ៉ាងសុសសាយ និងឆាប់រហ័ស នៅលើបណ្ដាញសង្គម កាលពីសប្តាហ៍មុន។ ពាក់ព័ន្ធនឹងករណីនេះ នគរបាលបានចាប់ខ្លួនមនុស្សមួយចំនួន។
ការបំពារបំពាននេះ ត្រូវបានរាយការណ៍ដោយជនរងគ្រោះផ្ទាល់ដែលមានអាយុ ២១ឆ្នាំម្នាក់ និង ១៩ឆ្នាំម្នាក់ កាលពីខែឧសភា អំឡុងពេលមានការប៉ះទង្គិចគ្នារវាងជនជាតិភាគតិចកុលសម្ព័ន្ធ Kuki និងជនជាតិភាគតិចភាគច្រើន Meitei ជុំវិញការផ្លាស់ប្តូរដែលអាចនឹងកើតមាន ដែលផ្ដល់អត្ថប្រយោជន៍ខាងសេដ្ឋកិច្ចដល់ជនជាតិ Kuki ជាង៕