ភ្នំពេញ ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យក្រុមបេក្ខភាពជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (ហៅកាត់JDS) ឆ្នាំ២០២២ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៥ (ជំនាន់ទី២៣) ចំនួន២៤រូប ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន, នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។
ជាកិច្ចចាប់ផ្តើមឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការស្វាមគន៍ និងអបអរសាទរ ដល់ក្រុមបេក្ខភាពជ័យលាភីអាហារូបករណ៍ទាំង២៤រូប ជាមន្ត្រីរាជការមកពីក្រសួង ស្ថាប័នផ្សេងៗ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល០២ឆ្នាំ(២០២៣-២០២៥) នៅតាមសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន។ តមកឯកឧត្តម បានណែនាំដល់ក្មួយៗក្រុមបេក្ខភាពជ័យលាភីអាហារូបករណ៍ថា អ្វីៗក៏ជាវប្បធម៌ដែរ។ ដូច្នេះនៅពេលក្មួយៗត្រូវបន្តការសិក្សានៅប្រទេសជប៉ុន ច្បាស់ជាមានការភ័យ និងព្រួយបារម្ភណាស់ ថាតើយើងជាតិសាសន៍អ្វី? ដូចនេះទាំងភាសា របៀបរបបទំនាក់ទំនងរបស់យើង គឺជាអត្តសញ្ញាណជាតិមួយហើយ។ ប៉ុន្តែអ្វីដែលសង្គមយើងមានព្រួយបារម្ភសព្វថ្ងៃនេះ គឺការរីកលូតលាស់ខ្លាំងខាងបច្ចេកវិទ្យា ដែលធ្វើឲ្យប្រទេសជិតខាងមានវប្បធម៌ស្រដៀងគ្នានេះ វាច្របូកច្របល់ នូវអ្វីដែលក្មួយៗមិនទាន់ច្បាស់ និងនៅច្របូកច្របល់។ ដូច្នេះមុខងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រិះរកវិធីដោះស្រាយឲ្យក្មួយៗយុវជន ក៏ដូចជាប្រជាពលរដ្ឋ ឲ្យស្គាល់នូវអ្វីទៅដែលជារបស់ខ្មែរ។ ទន្ទឹមនឹងនេះ ក្នុងនាមយើងជាខ្មែរ ត្រូវស្គាល់អ្វីដែលជាខ្មែរ ទាំងអស់នេះហើយ ដែលក្រសួងមានភារកិច្ចមួយ ឲ្យកូនខ្មែរស្គាល់ខ្លួនឯងឲ្យច្បាស់។ បញ្ហាដែលលំបាកត្រង់ថាសង្គមសព្វថ្ងៃនេះ បច្ចេកវិទ្យាដើរលឿន ដែលធ្វើឲ្យភាពរអាក់រអួលក្នុងការសម្រេចចិត្តរបស់ក្មួយៗមិនទាន់ច្បាស់។ ក្នុងនាមក្រសួងវប្បធម៌ ឯកឧត្តម សោម សុគន្ធ ជឿជាក់ថា ចរិតរបស់ក្មួយៗក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គឺស្រលាញ់ ការពារ អ្វីដែលជារបស់ដូនតា បុព្វបុរសបន្សល់ទុកខ្លាំងណាស់។
ជាមួយគ្នានោះដែរលោកស្រី តាក់ គន្ធា មន្រ្តីបម្រើការងារនៅក្រសួងបរិស្ថាន និងជាបេក្ខជនជ័យលាភី ០១រូប នៃកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ដែលនឹងបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញសិក្សាអភិវឌ្ឍន៍ក្នុងតំបន់ នៅសាកលវិទ្យាល័យ Toyo បានជម្រាបជូនឯកឧត្តម រដ្ឋលេខាធិការថា ក្រុមបេក្ខភាពជ័យលាភីអាហារូបករណ៍ ២៦រូប ស្រីចំនួន ១២រូប ថ្នាក់បណ្ឌិត ០២រូប និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២៤រូប ជាមន្ដ្រីរាជការបម្រើការងារនៅតាមក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន១៥ស្ថាប័ន បានចូលរួមប្រឡងប្រជែងទទួលបានជ័យលាភីកម្មវិធីអាហា-រូបករណ៍ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស (Japanese Human Resource Development Project) ហៅកាត់ថា “JDS” នឹងចេញទៅសិក្សានៅប្រទេសជប៉ុន នាថ្ងៃទី២០ ខែសីហាខាងមុខនេះ លើមុខជំនាញតាមផ្នែកមានដូចជា៖ ១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ២) ការអភិវឌ្ឍវិស័យឯកជន, ៣) ការលើកកម្ពស់គុណភាពអប់រំ, ៤) កសិកម្ម និងការអភិវឌ្ឍជនបទ, ៥) ការលើកកម្ពស់បរិស្ថានរស់នៅទីក្រុង, ៦) ការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម, ៧) ការលើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង ៨) ការកសាងទំនាក់ទំនងអន្ដរជាតិ។ កម្មវិធីអាហារូបករណ៍ JDS នេះ បានបង្កើតឡើងសម្រាប់មន្រ្តីរាជការនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ គិតមកដល់បច្ចុប្បន្នមាននិស្សិតចំនួនប្រមាណជាង៥០០នាក់ ដែលបានទៅសិក្សាក្រោមកម្មវិធីនេះ។ គោលបំណងកម្មវិធី JDS ផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរ និងសំខាន់លើការអភិវឌ្ឍសមត្ថភាពមន្ដ្រីរាជការ វ័យក្មេងមានសមត្ថភាព និងឆន្ទៈក្នុងការចូលរួមបង្កើត និងអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងដឹកនាំអភិវឌ្ឍប្រទេសកាន់តែការវិវត្តរីកចម្រើនឥតឈប់ឈរគ្រប់វិស័យលើឆាកជាតិ និងអន្តរជាតិ សំដៅសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០និងកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
ឆ្លើយតបទៅនឹងគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមបេក្ខភាពជ័យលាភីអាហារូបករណ៍ បានបេ្តជ្ញាចិត្តយ៉ាងមុតមាំ គាំទ្រនូវការដឹកនាំរបស់រាជរដ្ឋាភិបាល និងបេ្តជ្ញាខិតខំក្រេបជញ្ជក់ចំណេះដឹង រក្សាអត្តសញ្ញាណជាតិដ៏ផូរផង់ ប្តេជ្ញាយកមកវិញនូវចំណះដឹងថ្មីៗ ទស្សនាទានគន្លឹះ មករួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នរៀងៗខ្លួនក៏ដូចជាក្របខណ្ឌប្រទេសជាតិទាំងមូល៕ អត្ថបទ៖ រដ្ឋា













