ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ បានផ្ញើសារសំឡេងពិសេសជូនកម្មករនិយោជិត ដោយប្រកាសលើកពេលជំនួបជាមួយកម្មករនិយោជិតចំនួន ១០ លើកទៀត ដែលធ្លាប់សន្យាថានឹងត្រូវជួបចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ទៅជួបនៅក្រោយការបង្កើតរដ្ឋាភិបាលថ្មីរួចរាល់វិញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីអំឡុងពេលជំនួបជាមួយកម្មករនិយោជិតនៅមុនពេលបោះឆ្នោតនីតិកាលទី៧ ឆ្នាំ ២០២៣នេះ សម្ដេចតេជោធ្លាប់បានសន្យាថានឹងជួបជាមួយកម្មករនិយោជិតចំនួន ១០ គោលដៅទៀតទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ប៉ុន្ដែដោយសារតែកត្តាពេលវេលា និងកត្តាទាក់ទងនឹងការរៀបចំរដ្ឋាភិបាលថ្មី ដូច្នេះទើបសម្ដេចត្រូវលើកពេលជំនួបជាមួយកម្មករនិយោជិតនាពេលនេះ។
សម្ដេចតេជោ ក៏សូមអភ័យទោសចំពោះកម្មករកម្មករិនីទាំងអស់ ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខតាមការសន្យា ប៉ុន្ដែត្រូវលើកពេលទៅជួប ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី ទៅសួរសុខទុក្ខ ជំនួសនាយករដ្ឋមន្ត្រីចាស់។
សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងបកស្រាយទាក់ទងនឹងការបង្កើតរាជរដ្ឋាភិបាលថ្មី ក៏ដូចជាការលើកពេលជំនួបជាមួយកម្មករនិយោជិតនេះបន្ថែមទៀតនៅថ្ងៃទី៣ ខែសីហា ខាងមុខនេះនាអំឡុងពេលសម្ពោធផ្លូវក្រវ៉ាត់ក្រុង៕ អត្ថបទ៖ វ៉ន ដារ៉ា
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន https://t.me/btvnewscambodia/106867

