កំពង់ឆ្នាំង៖ ក្រុមជួយសង្គ្រោះពីខេត្តកំពង់ឆ្នាំង និងស្រុកកំពង់លែង កំពុងរុករកមនុស្ស ២នាក់ទៀត ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចកាណូតកណ្តាលទន្លេ ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មកដល់ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមជួយសង្គ្រោះបានរកឃើញតែកាណូតជនរងគ្រោះ ហើយជនរងគ្រោះ២នាក់នោះ មិនទាន់រកឃើញនៅឡើយ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញអោយក្រុមរុករក ត្រូវបង្កើនការខិតខំរកជនរងគ្រោះប្តីប្រពន្ធ ឬសពជនរងគ្រោះទាំង២អោយឃើញក្នុងថ្ងៃនេះ ចំណែកកូនជនរងគ្រោះដែលនៅរស់ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះ។ ឯកឧត្តមសំណូមពរដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹក ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។
គួររំលឹកថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងមួយមេយ៉ាងធំលាយលំនឹងខ្យល់កន្រ្តាក់ បានធ្វើអោយកាណូតបាឡាស្មាច់ ក្រឡាប់លិចនៅចំណុចខាងលិចកោះចាប ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលក្នុងកាណូតបាឡាស្មាច់នោះមានមនុស្សចំនួន៣នាក់ ១. រ៉េន រឹទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាប្ដីបានបាត់ខ្លួន, ២. អេង យីម ភេទស្រី អាយុ៤៤ឆ្នាំ ប្រពន្ធបានបាត់ខ្លួន និង៣. ប៉ុន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូន បានហែលរួចខ្លួន៕ អត្ថបទ៖ ហុង វាស្នា




