ហ្វីលីពីន៖ ខ្យល់បក់ខ្លាំង និងភ្លៀង បានគ្របដណ្តប់ប្រទេសហ្វីលីពីនភាគខាងជើង ខណៈដែលព្យុះទីហ្វុង ដូកស៊ូរី (Doksuri) បានបោកបក់ដល់ដីគោកនៅថ្ងៃពុធ (ទី២៦ ខែកក្កដា) នេះ បណ្តាលឲ្យទឹកទន្លេហូរហៀរលិចច្រាំង និងធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។
អ្នកស្រុកនៅក្នុងសហគមន៍ឆ្នេរសមុទ្រ ត្រូវបានជម្លៀសចេញមុនពេលព្យុះ ដោយនាំមកនូវកម្លាំងខ្យល់បក់រហូតដល់ល្បឿន១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថា នឹងរក្សាបាននូវកម្លាំង នៅពេលដែលវាបន្តដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិន។
លោក ម៉ានុអែល ម៉ាមបា (Manual Mamba) អភិបាលខេត្តកាហ្គាយ៉ាន (Cagayan) ភាគខាងជើង បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«យើងកំពុងរងការវាយប្រហារនៅទីនេះ» ដោយបន្ថែមថា រហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសទេ។
ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយថា អ្នកដំណើរជាង ៤.០០០នាក់ ត្រូវជាប់គាំងនៅកំពង់ផែនានា ក្នុងប្រទេស បន្ទាប់ពីការធ្វើដំណើរតាមសមុទ្រ ត្រូវបានផ្អាក៕


