ជើងអ៊ីតាលី៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បន្ទាប់ពីមានព្យុះដ៏មានឥទ្ធិពល នៅភាគខាងជើង និងភ្លើងឆេះព្រៃ នៅកោះ Sicily ដែលអាចនាំឲ្យរដ្ឋាភិបាលប្រកាសភាពអាសន្ន នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។
នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni បាននិយាយថា ក្មេងស្រីវ័យ ១៦ឆ្នាំម្នាក់ ដែលកំពុងធ្វើដំណើរទៅបោះជំរំ ស្ថិតក្នុងចំណោមមនុស្ស ២នាក់ ដែលបានស្លាប់ដោយសារព្យុះ ដែលបានវាយប្រហារភាគខាងជើងប្រទេសអ៊ីតាលី។ ក្មេងស្រីជំទង់នោះ បានបាត់បង់ជីវិតនៅពេលដែលដើមឈើមួយដើមដួលរលំសង្កត់តង់របស់នាង អំឡុងពេលបោះជំរំកាយរិទ្ធនៅជិតទីក្រុង Brescia បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ពេញមួយយប់។ ហើយកាលពីថ្ងៃចន្ទ ស្ត្រីវ័យកណ្តាលម្នាក់ បានស្លាប់ បន្ទាប់ពីដើមឈើដួលរលំពីលើ នៅទីប្រជុំជន Lissone ភាគខាងជើងទីក្រុង Milan។
ចំណែកនៅកោះ Sicily ឯណោះវិញ អ្នកគ្រប់គ្រងតំបន់ លោក Renato Schifani បាននិយាយថា លោកមានគម្រោងស្នើរដ្ឋាភិបាល នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីប្រកាសភាពអាសន្ន សម្រាប់កោះមេឌីទែរ៉ាណេមួយនេះ។
អ្នកពន្លត់អគ្គីភ័យនៅលើកោះនេះ បានចំណាយពេលមួយយប់ ដើម្បីទប់ទល់នឹងចំហេះព្រៃ ដែលជាការឆេះមួយ ក្នុងចំណោមការឆេះ នៅជិតខ្លាំងនឹងអាកាសយានដ្ឋាន Palermo ដែលកន្លែងនោះ ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃអង្គារ។
នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ បានរាយការណ៍ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅទូទាំងភាគខាងត្បូង ដោយនិយាយថា ជំនួយផ្លូវអាកាសត្រូវបានស្នើសុំ សម្រាប់ឧបទ្ទវហេតុចំនួន៩ នៅកោះ Sicily ចំនួន៩ នៅតំបន់កាឡាប៊្រីយ៉ា (Calabria) និងមួយទៀតនៅកោះសាឌីណាយ៉ា (Sardinia)៕



