តៃវ៉ាន់៖ កោះតៃវ៉ាន់ បានធ្វើសមយុទ្ធចុះចតប្រឆាំងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិធំរបស់ខ្លួននៅថ្ងៃពុធនេះ ដោយបង្ហាញពីយុទ្ធសាស្ត្រការពាររបស់ខ្លួនប្រឆាំងការវាយលុកតាមអាកាសរបស់ទាហានឆ័ត្រយោង និងឧទ្ធម្ភាគចក្រ។
នេះជាលើកដំបូងហើយដែលអាកាសយានដ្ឋានអន្តរជាតិ Taoyuan (ថាវយ័ន) ដែលជាបណ្តាញផ្លូវអាកាសដ៏សំខាន់បំផុតរបស់កោះនេះជាមួយពិភពលោក ចូលរួមក្នុងសមយុទ្ធ « Han Kuang » (ហានគ័ង) ប្រចាំឆ្នាំ។
ឧទ្ធម្ភាគចក្រ ៦ គ្រឿង និងទាហានប្រមាណ ១៨០នាក់ បានចូលរួមក្នុងសមយុទ្ធនេះ ដែលប្រដូចធ្វើជាការវាយរុញច្រានកងកម្លាំងសត្រូវដែលបានរឹបអូសទីតាំងគ្រប់គ្រងចរាចរណ៍ដែនអាកាសនៅព្រលានយន្តហោះ។
កោះតៃវ៉ាន់ បានលុបចោលសមយុទ្ធយោធាប្រចាំឆ្នាំមួយចំនួនរបស់ខ្លួនកាលពីថ្ងៃអង្គារ សម្រាប់ហេតុផលសុវត្ថិភាព ខណៈអាជ្ញាធរបានបង្កើនការត្រៀមលក្ខណៈជាមុនសម្រាប់អ្វីដែលពួកគេនិយាយថាអាចជាព្យុះទីហ្វុងកំណាចបំផុតដែលនឹងវាយបក់មកលើកោះនេះក្នុងរយៈពេលជិតបួនឆ្នាំមកនេះ។
