ហាងកែសម្ផស្សរាប់ពាន់កន្លែងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបិទជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃអង្គារនេះ បន្ទាប់ពីមានការបញ្ជាពីក្រុមអាជ្ញាធរតាលីបង់។

ចំណាត់ការភ្លាមៗនេះត្រូវបានគេរំពឹងថា នឹងកាត់ផ្តាច់លំហូរប្រាក់ចំណូលមួយក្នុងចំនោមប្រាក់ចំណូលមួយចំនួនដែលមានសម្រាប់ស្ត្រី ក៏ដូចជាកាត់ផ្ដាច់កន្លែងដ៏ល្អនៃទំនាក់ទំនងសង្គមសម្រាប់ស្រ្តីផងដែរ។
វាជាគោលនយោបាយចុងក្រោយបង្អស់ដែលរឹតត្បិតសិទ្ធិស្របច្បាប់របស់ស្ត្រីអាហ្វហ្គានីស្ថាន។
ហេតុផលផ្លូវការសម្រាប់ការបញ្ជានេះគឺថា "ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានចំណាយលើការកែសម្ផស្សបានបង្កការលំបាកដល់គ្រួសារក្រីក្រ" ហើយថាការទទួលសេវាកម្មនៅក្នុងហាងកែសម្ផស្សមួយចំនួនគឺ "មិនមានលក្ខណៈជាសាសនាអ៊ីស្លាមឡើយ" នេះបើយោងតាមក្រសួងសម្រាប់ការលើកកម្ពស់គុណធម៌ និងទប់ស្កាត់អំពើអបាយមុខរបស់ប្រទេសអាហ្វហ្គានីស្ថាន។
ចាប់តាំងពីការដណ្តើមអំណាចកាលពីខែសីហា ឆ្នាំ២០២១មក ពួកតាលីបង់បានដាក់បម្រាមលើក្មេងស្រី និងស្ត្រីមិនឲ្យរៀនសូត្រនៅវិទ្យាល័យ និងសាកលវិទ្យាល័យ ក៏ដូចជាមិនឲ្យទៅសួនកម្សាន្ត កន្លែងកម្សាន្ត និងកន្លែងហាត់ប្រាណផ្សេងៗ ហើយបានបញ្ជាឱ្យពួកគេស្លៀកពាក់បិទបាំងមិនឲ្យអ្នកដទៃឃើញជាសាធារណៈឡើយ៕
