
នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុង Wellington ប្រទេសនូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាលើអាទិភាពចែករំលែកជាមួយដៃគូរដ្ឋាភិបាលមួយនេះ ។
នេះគឺជាការឈប់សំចតលើកទី២នៃដំណើរទស្សនកិច្ចនៅតំបន់ឥណ្ឌូ-បាស៊ីហ្វិក ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៩របស់លោក Blinken ។ នៅមុននេះ លោកបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសតុងហ្គា ជាទីដែលលោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី Hu'akavameiliku( ហ៊ូអាក់កាវ៉ាមីលីគូ) ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្ត ជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លើបញ្ហាបម្រែបម្រួលអាកាសធាតុ សន្តិសុខ និងលទ្ធិប្រជាធិបតេយ្យ ។
លោក Blinken ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីផងដែរ ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាចូលរួមការប្រកួតបាល់ទាត់នារី FIFA Women's World Cup ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានបង្កើនការចូលរួមរបស់ពួកគេជាមួយបណ្តាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក ស្របពេលដែលការប្រកួតប្រជែងភូមិសាស្រ្តនយោបាយជាមួយចិន កាន់តែតានតឹងខ្លាំង ៕