
អភិបាលក្រុង វ៉ាស៊ីនតោន ឌីស៊ី លោក Muriel Bowser បានបើកដំណើរការប្រតិបត្តិការសង្គ្រោះបន្ទាន់សម្រាប់អាកាសធាតុក្តៅ ដែលចាប់អនុវត្តពីថ្ងៃពុធនេះរហូតដល់ថ្ងៃអាទិត្យ។ ការប្រកាសនេះធ្វើឡើង ខណៈពេលដែលកម្ដៅដ៏ខ្លាំងត្រូវបានគេរំពឹងថានឹងរំកិលចូលក្នុងរដ្ឋធានីមួយនេះ។
សន្ទស្សន៍កំដៅនឹងខិតនៅជិត ១១០ហ្វារិនហៃ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ខាងមុខនេះ នេះបើយោងតាមសេវាអាកាសធាតុជាតិ។
ទីភ្នាក់ងារនេះណែនាំឲ្យបង្កើនកម្រិតកម្តៅរបស់ឧបករណ៍ផ្ដល់ភាពត្រជាក់ចំនួន២ ទៅ៣ដឺក្រេ ប្រសិនបើអាចធ្វើបាន ព្រោះវាអាចជួយសន្សំលើថ្លៃចំណាយថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ក្រសួងសន្តិសុខមាតុភូមិ និងភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កំពុងធ្វើការជាមួយទីភ្នាក់ងារពាណិជ្ជកម្មដូចជាក្រុមហ៊ុនអគ្គិសនី Pepco សាលារៀនរដ្ឋរបស់វ៉ាស៊ីនតោន ឌីស៊ី ឧទ្យានកម្សាន្ត និងលំហែ ព្រមទាំងទីភ្នាក់ងារជាច្រើនទៀត ដើម្បីធានាថាអ្នកស្រុកមានលទ្ធភាពប្រើប្រាស់ធនធានដែលពួកគេត្រូវការដើម្បីរក្សាសុវត្ថិភាពក្នុងអំឡុងពេលវិបត្តិរលកកម្ដៅនេះ៕