ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានរងបរាជ័យទាំងប្រផិតប្រផើយ ក្រោមថ្វីដៃក្រុមជម្រើសជាតិហ្សកដានី ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាកពូលB នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup Group III ឆ្នាំ២០២៣ ប្រចាំតំបន់អាស៊ី/អូសេអានី នៅប្រទេសស្រីលង្ការ កាលពីថ្ងៃទី២៦ ខែកក្កដាម្សិលមិញ ។
ការប្រកួតដំបូងនេះ សម្រាប់វិញ្ញាសាឯកត្ដជន កីឡាករកម្ពុជា បានចាញ់ទាំង ២នាក់ ក្នុងនោះ ទេព ធីម៉ូធី បានចាញ់កីឡាករ Mohammad Alkotop ក្នុងពិន្ទុ ០-៦ និង ៤-៦ និងកីឡាករ ឡេង សារិនរាជ ចាញ់កីឡាករ Karam Hatamleh ក្នុងពិន្ទុដ៏ប្រកៀកប្រកិត ៦-៧ និង ៣-៦ ។ ប៉ុន្ដែវិញ្ញាសាវាយគូ កម្ពុជា ដែលមានកីឡាករ ឡុង សំនៀង ចាប់ដៃជាមួយសិស្សប្អូន ទេព ធីម៉ូធី បានយកឈ្នះក្រុមហ្សកដានីវិញ ក្នុងពិន្ទុ ៦-៣, ១-៦ និង ១០-៦ ។

គួរដឹងថា យុទ្ធនាការប្រកួត Davis Cup Group III ដែលប្រទេសស្រីលង្ការទទួលធ្វើម្ចាស់ផ្ទះឆ្នាំនេះ គឺក្រុមកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមប៉ាស៊ីហ្វិចអូសេអានី, ហ្សកដានី និងម៉ាឡេស៊ី ខណៈពូលA មានម្ចាស់ផ្ទះស្រីលង្កា, អារ៉ាប់ប៊ីសាអ៊ូឌីត, អ៊ីរ៉ង់ និងវៀតណាម ។ សម្រាប់ប្រកួតបន្ទាប់ ក្រុមកីឡាវាយកូនបាល់កម្ពុជា នឹងត្រូវជួបក្រុមប៉ាស៊ីហ្វិចអូសេអានី ដែលជាក្រុមជម្រុះមកពី Group II កាលពីឆ្នាំមុន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ៕ អត្ថបទ លី ឈុនឡា




