ហ្វីលីពីន៖ អាជ្ញាធរនៅក្នុងប្រទេសនេះ បាននិយាយថា ព្យុះដ៏មានឥទ្ធិពល បាននាំមកនូវទឹកជំនន់ និងបំណាក់ដី ដែលកំពុងរាលដាលមកកាន់ប្រទេសហ្វីលីពីនកាលពីថ្ងៃពុធបណ្តាលឲ្យមនុស្សយ៉ាងហោច៦នាក់ស្លាប់។

យោងតាមក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយហានីភ័យគ្រោះមហបន្តរាយជាតិ បានឲ្យដឹងថា ព្យុះកំណាច Doksuri ដែលគេស្គាល់ថា Egay នៅក្នុងប្រទេសហ្វីលីពីន បានបណ្តាលឲ្យមានទឹកជំនន់នៅទូទាំងតំបន់ចំនួន៥ និងមានបំណាក់ដីបង្កឡើងដោយទឹកភ្លៀងជាង១០កន្លែងផ្សេងទៀត។ ទីភ្នាក់ងារនិយាយថា ជនរងគ្រោះម្នាក់ បានស្លាប់នៅតំបន់ Calabarzon ភាគកណ្តាល និង៤នាក់ទៀត នៅក្នុងតំបន់ Cordillera ជាតំបន់ភ្នំ ហើយមនុស្ស២នាក់ផ្សេងទៀតបានរងរបួសនៅកន្លែងៀផ្សេងទៀតក្នុងប្រទេសនេះ។ ការិយាល័យអាកាសធាតុប្រទេសហ្វីលីពិន Pagasa និយាយថា ព្យុះនេះបានបង្កឲ្យមានបំណាក់ដី នៅជិតកោះ Fuga ភាគខាងជើងដាច់ស្រយាល។ យោងតាមមជ្ឈមណ្ឌលព្រមានព្យុះកំណាចរួម បានឲ្យដឹងថា ទោះបីជាព្យុះនេះ បានចុះខ្សោយពីព្យុះកំណាចដ៏មានឥទ្ធិពល ព្យុះ Doksuri បានមកដល់ជាមួយខ្យល់បក់មានល្បឿនប្រមាណ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើនឹងព្យុះកំណាចអាត្លងទិកប្រភេទទី៤។ ការិយាល័យអាកាសធាតុប្រទេសហ្វីលីពិន Pagasa បានព្រមានថា ស្ថានភាពដែលកំពុងគំរាមកំហែងដល់ជីវិត និងកញ្ជ្រោលឡើងខ្លាំង ត្រូវបានគេរំពឹងមាននៅក្នុងតំបន់មួយចំនួននៃកោះ Luzon ជាកោះមានមនុស្សរស់នៅច្រើនបំផុត និងធំបំផុតរបស់ប្រទេសហ្វីលីពីន ខណៈភ្លៀងធ្លាក់ខ្លាំងបានវាយបក់មកលើប្រទេសនេះ។ អភិបាលខេត្ត Cagayan បានផ្អាកសាលារៀន និងបានបិទការិយាល័យ និងបាននិយាយថា មនុស្សជាង១២.០០០ ត្រូវបានជម្លៀសខ្លួនពីទីក្រុងតំបន់ភ្នំនិងឆ្នេរសមុទ្រ កាលពីល្ងាចថ្ងៃអង្គារ។
ទន្ទឹមនឹងនេះដែរ នៅកោះតៃវ៉ាន់ រលកខ្ពស់ៗ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារនៅភាគខាងកើតកោះតៃវ៉ាន់ នៅថ្អៃព្រហស្បតិ៍នេះ ជាកន្លែងដែលអាជីវកម្ម និងសាលារៀនជាច្រើនកន្លែងត្រូវបានបិទ ហើយការព្រមានពីបំណាក់ដីត្រូវបានចេញ។
