ជប៉ុន៖ នៅក្នុងឯកសារការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៨ ខែកក្កដា) នេះ ប្រទេសជប៉ុន បានលើកឡើងពីការបារម្ភរបស់ខ្លួន ជុំវិញឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងយោធា ដែលកំពុងកើនឡើងជាមួយប្រទេសរុស្ស៊ី និងការអះអាងសិទ្ធិលើកោះតៃវ៉ាន់របស់ប្រទេសនេះ។
ក្នុងសៀវភៅសប្រចាំឆ្នាំរបស់ខ្លួន ពោលគឺជារបាយការណ៍សង្ខេបពីការគំរាមកំហែងផ្នែកយោធាយ៉ាងខ្លាំងក្លាបំផុត និងផែនការដើម្បីធានាស្ថិរភាព ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានលើកយកករណីមួយមក ដើម្បីជាអំណះអំណាងដល់ការដំឡើងការចំណាយលើវិស័យការពារជាតិដ៏សំខាន់ នៅពេលដែលពិភពលោកចូលទៅក្នុង «យុគសម័យថ្មីនៃវិបត្តិ»។
ខណៈកម្លាំងយោធារបស់ចិន ដែលកំពុងតែកើនឡើង និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការផ្តោតដ៏សំខាន់របស់សៀវភៅសនោះ ប្រទេសកូរ៉េខាងជើង ក៏ត្រូវបានចាត់ទុកថា ជាកង្វល់ដ៏ធំមួយ សម្រាប់ប្រទេសជប៉ុនផងដែរ។ ឯកសារសដែលត្រូវបានអនុម័តដោយខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី លោក Fumio Kishida នៅព្រឹកថ្ងៃសុក្រនេះ កើតមានឡើង នៅពេលដែលកូរ៉េខាងជើងបង្កើនការសាកល្បងបាញ់មីស៊ីលជាញឹកញាប់។
យោងតាមរបាយការណ៍កម្រាស់ ៥១០ទំព័រ បានឲ្យដឹងថា ប្រទេសចិន រុស្សី និងកូរ៉េខាងជើង រួមចំណែកដល់ «បរិយាកាសសន្តិសុខធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត គិតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២។ ឯកសារបានបញ្ជាក់ថា ជំហរនៅខាងក្រៅ និងសកម្មភាពយោធារបស់ចិន បានក្លាយជាកង្វល់យ៉ាងធំធេង សម្រាប់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ ហើយបានបង្ហាញពី«ការប្រឈមជាយុទ្ធសាស្ត្រមិនធ្លាប់មានពីមុនមក និងធំបំផុត»៕



