ភ្នំពេញ ៖ ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា នាថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងថ្ងៃទិវាជាតិនៃការចងចាំ ខ្ញុំសូមជនរួមជាតិខ្មែរទាំងអស់គ្នា ចូលរួមស្មឹងស្មាធ និងតាំងចិត្តរំឭកដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានស្លាប់ ដោយអំពើយង់ឃ្នង នៃរបបប្រល័យពូជសាសន៍។
ឯកឧត្តម បានរំឭកទៀតថា ទោះបីជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ដែលកម្ពុជា ធ្លាប់បានឆ្លងកាត់ និងក្តីវិនាសអន្តរាយដែលបានកើតឡើងលើទឹកដី និងប្រជាជនជាទីស្រលាញ់របស់យើងដែរ។ ការចងចាំរបស់យើងក្នុងពេលនេះ គឺជាការដាស់តឿនក្រើនរំឭកស្មារតីយើងម្នាក់ៗ ក្នុងការទប់ស្កាត់មិនឱ្យកំហុសក្នុងអតីតកាលអាចកើតឡើងវិញបាន និងការពារសមិទ្ធផលនានា ដែលត្រូវបានកសាងឡើងវិញដ៏លំបាកលំបិនបំផុត ជាពិសេសការពារសន្តិភាពឱ្យបានជាដាច់ខាត៕

