មនុស្សយ៉ាងហោចណាស់ ៤៤នាក់បានស្លាប់ក្នុងការផ្ទុះមួយនៅក្នុងប្រទេសប៉ាគីស្ថាន អំឡុងពេលបាតុកម្មដែលរៀបចំដោយគណបក្សអ៊ីស្លាម។
មនុស្សជាង ១០០នាក់ ក៏បានរងរបួសផងដែរ នៅក្នុងការផ្ទុះនៅក្នុងស្រុក បាជួ( Bajaur) ភាគពាយព្យជាកន្លែងដែលគណបក្ស Jamiat Ulema-e-Islam-Fazl (JUI-F) កំពុងរៀបចំកិច្ចប្រជុំមួយ។
នគរបាលបានប្រាប់សារព័ត៌មាន BBC ថាពួកគេបានរកឃើញភស្តុតាងដែលបង្ហាញថាការផ្ទុះនេះអាចជាការវាយប្រហារអត្តឃាត។
មន្ត្រីបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់ ហើយអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលមនុស្ស ១៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មូលហេតុនៅពីក្រោយការវាយប្រហារនេះមិនទាន់ច្បាស់លាស់នៅឡើយទេ។ កងកម្លាំងសន្តិសុខបានបិទតំបន់នោះ និងកំពុងបើកការស៊ើបអង្កេត។
មនុស្សរាប់រយនាក់បានចូលរួមសន្និបាតរបស់គណបក្សពលករ JUI-F កាលពីថ្ងៃអាទិត្យនៅទីប្រជុំជន ខា (Khar) ក្នុងស្រុកកុលសម្ព័ន្ធបាជួ(Bajaur) នៃខេត្ត ឃីប៊ើ ប៉ាកទុនខ្វា (Khyber Pakhtunkhwa) របស់ប្រទេសប៉ាគីស្ថាន ជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមអាជ្ញាធរបានប្រកាសអាសន្នសុខភាពនៅមន្ទីរពេទ្យស្រុកមួយនេះ។ គួរឲ្យដឹងថា ប្រទេសប៉ាគីស្ថាន បានមើលឃើញការវាយប្រហារការបះបោរពី សំណាក់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមចាប់តាំងពីឆ្នាំមុន នៅពេលដែលបទឈប់បាញ់មួយរវាង ក្រុម តេរីក អ៊ីតាលីបង់ ប៉ាគីស្ថាន (Tehreek-e-Taliban Pakistan) និងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ បានបរជ័យ៕ អត្ថបទ៖ ក្រូច សុខមាន

