ប្រទេសចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រែក្លាយកោះតៃវ៉ាន់ទៅជា«ឃ្លាំងគ្រាប់រំសេវ» បន្ទាប់ពីសេតវិមាន បានប្រកាសកញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារ សម្រាប់កោះនេះ។

ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ (ទី ២៩ ខែកក្កដា) ប្រឆាំងនឹងជំនួយយោធាដល់តៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន។
លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បាននិយាយថា វាមិនសំខាន់ថាតើលុយបង់ពន្ធរបស់ប្រជាជនសាមញ្ញប៉ុន្មាននោះទេ… កងកម្លាំងបំបែកខ្លួនរបស់តៃវ៉ាន់ ក៏ត្រូវចំណាយដែរ ទោះបីជាអាវុធរបស់អាមេរិកមានច្រើនប៉ុនណានោះ វានឹងមិនធ្វើឲ្យរង្គោះរង្គើដល់ការតាំងចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ ឬធ្វើឲ្យរង្គោះរង្គើដល់ឆន្ទៈរឹងមាំរបស់យើង ដើម្បីសម្រេចបាននូវការបង្រួបបង្រួមរបស់មាតុប្រទេសរបស់យើងឡើងវិញនោះទេ។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«សកម្មភាពរបស់ពួកគេ កំពុងប្រែក្លាយតៃវ៉ាន់ទៅជាឃ្លាំងគ្រាប់កាំភ្លើង និងឃ្លាំងគ្រាប់រំសេវ ដោយធ្វើឲ្យមានការគំរាមកំហែងនៃសង្គ្រាម នៅក្នុងច្រកសមុទ្រតៃវ៉ាន់ កាន់តែធ្ងន់ធ្ងរ»។
សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានបង្ហាញកញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារ សម្រាប់តៃវ៉ាន់ ដែលត្រូវបានរៀបចំឡើងយ៉ាងឆាប់រហ័ស ក្នុងការពង្រឹងសមត្ថភាពរបស់កោះនេះ ដើម្បីទប់ស្កាត់លទ្ធភាពលុកលុយរបស់ប្រទេសចិន។

