កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាលសម្រេចបន្តផ្អាកដំណើរការផ្សាររដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
រដ្ឋបាលខេត្តកណ្ដាល បានសម្រេចបែបនេះ នៅក្នុងសេចក្ដីសម្រេចមួយដែលចេញកាលពីថ្ងៃម្សិលមិញនេះដោយអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ។
បើតាមសេចក្ដីសម្រេចនេះ ផ្សាររដ្ឋទាំងអស់នៅក្នុងក្រុងតាខ្មៅ តម្រូវឱ្យផ្អាកដំណើរការជាបណ្ដោះអាសន្នរយៈពេល ១សប្ដាហ៍ទៀត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៦ ខែឧសភា។
ក្រុងតាខ្មៅដែលត្រូវបានចាត់ទុកជាភូមិសាស្ត្រតែមួយជាមួយរាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យស្ថិតក្រោមវិធានការបិទខ្ទប់ដូចរាជធានីភ្នំពេញផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ភូមិសាស្ត្រមួយនេះ ត្រូវបានកែសម្រួលពី«តំបន់ក្រហម»មកនៅត្រឹមជា«តំបន់លឿង»ហើយ ក្រោយពីមើលឃើញការធ្លាក់ចុះនៃចំនួនករណីឆ្លងមេរោគកូវីដ-១៩៕
