ឥណ្ឌា៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះស៊ីក្លូនដ៏មានឥទ្ធិពល នៅតំបន់ឆ្នេរភាគខាងលិចរបស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ៩១នាក់ ហើយអង្គភាពកងទ័ពជើងទឹកកំពុងស្វែងរកមនុស្ស ៤៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅសមុទ្រ បន្ទាប់ពីនាវាដឹកកម្មករក្បែរឆ្នេរសមុទ្របានលិចដោយសារព្យុះ។

ព្យុះស៊ីក្លូន Tauktae ដែលបានបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានបោកបក់ចេញពីសមុទ្រអារ៉ាប់កាលពីថ្ងៃចន្ទ គឺជាព្យុះចុងក្រោយដែលក្រុមអ្នកជំនាញនិយាយថា ជាព្យុះដ៏ធំបំផុតមិនធ្លាប់មានក្នុងចំណោមព្យុះជាច្រើនក្នុងតំបន់ ដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ។ ក្រសួងការពារជាតិឥណ្ឌានិយាយកាលពីរាត្រីថ្ងៃពុធថា នាវាជាច្រើនគ្រឿងរបស់អង្គភាពកងទ័ពជើងទឹក យន្តហោះរុករក និងឧទ្ធម្ភាគចក្របានរួមគ្នាសង្គ្រោះមនុស្សជាង ៦០០នាក់ បន្ទាប់ពីរលកកម្ពស់ ៨ម៉ែត្របានវាយបោកច្រាំងសមុទ្រ។ ប៉ុន្តែសាកសពចំនួន ២៦នាក់ក៏ត្រូវបានរកឃើញផងដែរ ខណៈយន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងនៅតែបន្តរុករកកម្មករចំនួន ៤៩នាក់កំពុងបាត់ខ្លួនពីនាវាមួយ ក្នុងចំណោមនាវាមួយចំនួនដែលបានក្រឡាប់លិចដោយសារព្យុះនេះ៕
អត្ថបទ៖ សុខមាន