ម៉ាឡាវី៖ ប្រទេសម៉ាឡាវីបានដុតកម្ទេចវ៉ាក់សាំងបង្ការជំងឺ COVID-19 ផុតកាលបរិច្ឆេទប្រើប្រាស់ជិត ២ម៉ឺនដូសកាលពីថ្ងៃពុធ ស្របពេលមានការណែនាំដ៏ចម្រូងចម្រាសជុំវិញបញ្ហាថា តើត្រូវធ្វើយ៉ាងណាជាមួយនឹងដូសវ៉ាក់សាំងទាំងនោះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Khumbize Kandodo Chiponda បានដាក់ដូសវ៉ាក់សាំងផុតសុពលភាពចូលក្នុងឧបករណ៍ដុតកម្ទេច ដើម្បីចាប់ផ្ដើមបំផ្លាញចោលនៅមន្ទីរពេទ្យ Kamuzu Central Hospital ក្នុងទីក្រុង Lilongwe។ លោកស្រីនិយាយថា ឱសថ ដូចជាអាស្ពីរីន និងអង់ទីប៊ីយោទិក សូម្បីតែវ៉ាក់សាំងបង្ការជំងឺ COVID-19 ផ្សេងទៀតដែលយើងនឹងផ្ដល់ឲ្យប្រជាពលរដ្ឋរបស់យើង នៅពេលដែលឱសថទាំងនោះហួសកាលកំណត់ប្រើប្រាស់ យើងបានដឹកចេញពីប្រព័ន្ធប្រើប្រាស់ ហើយយើងនឹងកម្ទេចចោល។ វ៉ាក់សាំងដែលបានដុតបំផ្លាញមានចំនួន ១០២,០០០ដូស ដែលបានមកដល់ក្នុងប្រទេសម៉ាឡាវីកាលពីថ្ងៃទី២៦ ខែមីនាត្រឹមរយៈពេល ១៨ថ្ងៃរហូតដល់ផុតថ្ងៃទី១៣ ខែមេសា។
ប្រទេសម៉ាឡាវីបានទទួលដូសវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ចំនួន ៣៦០,០០០ដូសកាលពីដើមខែមីនាពីគម្រោងចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 គាំទ្រដោយអង្គការសហប្រជាជាតិឈ្មោះ COVAX ដែលជាគំនិតផ្ដួចផ្ដើមក្នុងការផ្ដល់វ៉ាក់សាំង ដល់បណ្ដាប្រទេសមានប្រាក់ចូលទាប និងមធ្យម។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងឲ្យដឹងថា ប្រទេសនេះមានករណីឆ្លងចំនួន ៣៤,២១៦នាក់ និងស្លាប់ចំនួន ១,១៥៣នាក់៕
អត្ថបទ៖ សុខមាន