ដូចតាមការសន្យា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ មូលនិធិជាតិជំនួយសង្គមបានសម្រេចឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងសម្រាលកូនជាផ្លូវការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះតទៅ ដោយការឧបត្ថម្ភនេះគឺចាប់ពីមានផ្ទៃពោះដំបូងរហូតសម្រាលកូនដល់អាយុ២ឆ្នាំ។
ការសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនស្រ្តីមានផ្ទៃពោះ និងសម្រាលកូននេះ គឺបានធ្វើឡើងបន្ទាប់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីតាមរោងចក្រនានា កាលពីកន្លងទៅ នេះដើម្បីរកដំណោះស្រាយ និងពិនិត្យអំពីវឌ្ឍនភាពរបស់កម្មករនិយោជិតនៅតាមរោងចក្រនានា។

តាមសេចក្តីជូនដំណឹងរបស់មូលនិធិជំនួយសង្គម ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ បានបញ្ជាក់ថា មូលនិធិជាតិជំនួយសង្គម នឹងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្ត្រី និងកុមារក្នុងគ្រួសារមានបណ្ណសមធម៌ នឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះតទៅ ដោយផ្តល់ជូនអំឡុងពេលមានផ្ទៃពោះពេលសម្រាល និងក្រោយសម្រាល រហូតដល់កូន អាយុ២ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះ ឱ្យទៅទទួលការប្រឹក្សា និងពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូន និងការចាក់វ៉ាក់សាំងកូន ឱ្យបានសមស្របតាមនិយាមសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈជាដើម។

បើតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្ត្រី និងកុមារគ្រួសារមានបណ្ណសមធម៌នេះ មានលក្ខខណ្ឌ និងគោលការអនុវត្ត ដូចជា សម្រាប់ស្ត្រីដែលកំពុងទទួលផលពីកម្មវិធី នឹងបន្តអនុវត្តលក្ខខ័ណ្ឌពិនិត្យសុខភាព តាមមូលដ្ឋាន សុខាភិបាលសាធារណៈធម្មតា ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភតាមអត្រាថ្មីនេះ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មីនេះ គឺផ្តល់ ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដោយត្រូវទៅចុះឈ្មោះ ចូលកម្មវិធីដំបូង នៅតាមឃុំ សង្កាត់ និងប្រើប្រាស់សេវាពិនិត្យសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌នេះ ផ្តល់អត្រាឧបត្ថម្ភជូន ដូចជាផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនពេលសម្រាលចំនួន៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០០០រៀល (ប៉ែតសិបពាន់រៀលគត់) ក្នុងមួយដង។ ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ពេលសម្រាល ដូចជាសម្រាលកូនទោល ទទួលបាន ៤០០ ០០០រៀល (បួនរយពាន់រៀលគត់) - សម្រាលកូនភ្លោះពីរ ទទួលបាន ៦០០ ០០០រៀល (ប្រាំមួយរយពាន់រៀលគត់) - សម្រាលកូនភ្លោះបី ទទួលបាន ៨០០ ០០០រៀល (ប្រាំបីរយពាន់រៀលគត់)៕ អត្ថបទ៖ បាន ចក់


