ខ្សែបម្រើប្រេស៊ីល Fabinho បានសំរេចផ្លូវការក្នុងការផ្លាស់ពីហង្សក្រហម Liverpool ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad ក្នុងតម្លៃផ្ទេរ ៤០លានផោន។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ មិនបានរួមដំនើរជាមួយ Liverpool ឡើយក្នុងការបោះជំរំហ្វឹកហាត់នៅអាល្លឺម៉ង់ និង Pre-Season នៅសិង្ហបុរី បន្ទាប់ពី Liverpool ទទួលសំណើពី Al-Ittihad កាលពីពាក់កណ្តាលខែកក្កដាកន្លងមក។
Fabinho បាននិយាយថា Liverpool គឺជាផ្ទះរបស់ខ្លួន ហើយLiverpool នឹងស្ថិតក្នុងបេះដូងគេជានិច្ច និងអរគុណគ្រប់យ៉ាងដល់ក្លិប និងអ្នកគាំទ្រ តាមរយៈពេលវេលាជាមួយគ្នាកន្លងមកមិនថាជោគជ័យ រឺបរាជ័យ។

Fabinho បានក្លាយជាកីឡាករដែលមានឈ្មោះបោះសម្លេងពីអឺរ៉ុបម្នាក់ទៀតផ្លាស់ទៅកាន់ Al-Ittihad បន្ទាប់ពី Karim Benzema និង N’Golo Kante ជាដើម។
Fabinho ជាសមាជិករបស់ Liverpool តាំងពីឆ្នាំ ២០១៨ ផ្លាស់ពី AS Monaco ក្នុងតម្លៃ ៣៩លានផោន និងបានបង្ហាញខ្លួនសរុបមកទល់ពេលនេះ ២១៩ លើកស៊ុតបញ្ចូលទី ១១ គ្រាប់ ជួយ Liverpool ឈ្នះពាន English Premier League, UEFA Champions League, FA Cup, EFL Cup និង FIFA Club World Cub៕ អត្ថបទ៖នាង សុភាវុធ
