ក្រុមបាល់ទាត់នារីជប៉ុនបានបង្ហាញពីសក្តានុពល ដែលគេចាត់ទុកជាបេក្ខភាពជើងឯកបាល់ទាត់នារីពិភពលោកឆ្នាំនេះ បន្ទាប់ពីយកឈ្នះក្រុមនារីអេស្ប៉ាញធ្ងន់ដៃ ៤-០ ដើម្បីកក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយជួបជាមួយន័រវេស។
ក្រុមជើងឯកឆ្នាំ ២០១១ រកបានគ្រាប់នាំមុខក្នុងវគ្គទី ១ បីគ្រាប់ដោយកីឡាការិនី Hinata Miyazawa ពីរគ្រាប់ និង Riko Ueki មុនពេលដែលកីឡាការិនីបម្រុង Mina Tanaka បន្ថែមគ្រាប់ទី ៤ នៅវគ្គទី ២។
នេះជាជ័យជំនះ ៣ ប្រកួតផ្ទួនសម្រាប់ជប៉ុននៅក្នុងពូល C នេះមាន ៩ ពិន្ទុពេញខណៈដែលអេស្ប៉ាញថ្វីបើចាញ់ តែអាចឡើងវគ្គបន្ទាប់បានដោយមាន ៦ ពិន្ទុ។

មួយប្រកួតទៀតនៅក្នុងពូល C នេះក្រុមនារីហ្សាំប៊ីយកឈ្នះកូស្តារីកា ៣-១ តែមិនអាចឡើងជុំបន្តបានឡើយ។
ក្រុមជប៉ុននឹងចាកចេញពីប្រទេសនូវែស៊ីឡង់ឡើយ ពោលគឺវគ្គ ១៦ ក្រុមចុងក្រោយត្រូវជួបជាមួយក្រុមលេខ ២ ន័រវេសនៅទីក្រុង Wellington ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ចំណែកឯអេស្ប៉ាញនឹងត្រូវជួបក្រុមលេខ ១ ក្នុងពូល A ស្វ៊ីសនៅទីក្រុង Auckland។
រីឯការប្រកួតមួយពូលទៀត ក្រុមម្ចាស់ផ្ទះអូស្រ្តាលីរកបានជ័យជំនះទី ២ របស់ខ្លួនដើម្បីកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះកាណាដា ៤-០។
Hayley Raso រកបានពីរគ្រាប់ម្នាក់ឯងក្នុងវគ្គទី ១ មុនពេលដែល Mary Fowler និង Steph Catley រកបានម្នាក់មួយគ្រាប់នៅវគ្គទី ២ ធ្វើឱ្យអូស្រ្តាលីបញ្ចប់ការប្រកួតក្នុងពូល B ជាក្រុមលេខ ១។
ក្រុមដែលឡើងទៅជាមួយអូស្រ្តាលីនោះគឺនីហ្សេរីយ៉ា បន្ទាប់ពីក្រុមនារីមកពីអាហ្រ្វិកមួយនេះស្មើគ្នាជាមួយក្រុមនារីអៀកឡង់ ០-០៕ អត្ថបទ៖នាង សុភាវុធ

