ប៉ាឡេស្ទីន៖ ក្រុមមន្ត្រីបាននិយាយថា ការប្រយុទ្ធគ្នារយៈពេលបីថ្ងៃរវាងក្រុមប្រដាប់អាវុធគូប្រជែងនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុតនៅប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ កាលពីថ្ងៃច័ន្ទ កងទ័ពរបស់ប្រទេសលីបង់បានបិទតំបន់ជុំវិញជំរំ Ein el-Hilweh នៅជិតទីក្រុងកំពង់ផែស៊ីដុនភាគខាងត្បូង ខណៈដែលការប៉ះទង្គិចនៅតែបន្តកើតមាន បើទោះបីជាលីបង់ និងប៉ាឡេស្ទីនខិតខំប្រឹងប្រែងដើម្បីស្វែងរកបទឈប់បាញ់ក៏ដោយ។

ដោយរាយការណ៍ពីខាងក្រៅជំរំដែលជាជម្រករបស់ជនភៀសខ្លួនចំនួន៥៥.០០០នាក់ សារព័ត៌មាន Al Jazeera បាននិយាយកាលពីរសៀលថ្ងៃចន្ទថា ការរីករាលដាលនៃការប្រយុទ្ធគ្នា "ដ៏កាចសាហាវ" បានកើនឡើង "ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ" ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានផ្អាកប្រតិបត្តិការ និងសេវាកម្មជំនួយរបស់ខ្លួននៅក្នុងជំរំនោះ។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា អ្នកនាំពាក្យកងទ័ពលីបង់បាននិយាយថា ចំនួនអ្នកស្លាប់កាលពីថ្ងៃចន្ទ បានកើនឡើងដល់ ៩នាក់ហើយ និងយ៉ាងហោចណាស់មនុស្ស៣៧នាក់បានរងរបួស។
អំពើហឹង្សានេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់មុខម្នាក់បានព្យាយាមសម្លាប់សមាជិកនៃក្រុមប្រដាប់អាវុធមួយរូបដែលមានឈ្មោះថា Mahmoud Khalil ប៉ុន្តែផ្ទុយទៅវិញបានបាញ់សម្លាប់ដៃគូរបស់ខ្លួន៕
