ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពកម្ពុជា បានអោយដឹងថា ការបាញ់ផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមកនៅតំបន់ព្រំដែនជាប់គ្នារវាងប្រទេសអ៊ីស្រាអ៊ែល និងប្រទេសលីបង់ នៅថ្ងៃម្សិលមិញនេះ មិនបង្កការប៉ះពាល់ទៅដល់ដំណើរការការងារបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ របស់កងទ័ពមួកខៀវកម្ពុជា នៅប្រទេសលីបង់នោះទេ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី ក្នុងនាមជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង់កម្លាំងថែរក្សាសន្តិភាព បានថ្លែងប្រាប់ BTV នៅថ្ងៃទី២០ ខែឧសភានេះថា ការប៉ះទង្គិចគ្នារវាងលីបង់ និងអ៊ីស្រាអ៊ែល នៅតំបន់ព្រំដែនកាលពីម្សិលមិញនេះ បង្កប៉ះពាល់ដល់តំបន់បេសកកម្មរបស់ទ័ពមួកខៀវកម្ពុជានោះទេ តែទោះយ៉ាងណាសម្រាប់ការងារដោះមីនរបស់កងទ័ពមួកខៀវកម្ពុជា នៅតំបន់ព្រំដែនរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអ៊ែល ត្រូវបានភាគីអង្គការសហប្រជាជាតិតម្រូវអោយផ្អាកជាបណ្តោះអាសន្នសិន ខណៈជម្លោះសង្គ្រាមនៅអ៊ីស្រាអ៊ែលនៅមិនទាន់ដោះស្រាយចប់។
ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី បញ្ជាក់ថា នៅពេលនេះ កងទ័ពមួកខៀវកម្ពុជា ដែលបាននិងកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសលីបង់ គឺកំពុងធ្វើការងារសាងសង់សំណង់ដេក និងសំណង់បញ្ឈរមួយចំនួន នៅក្នុងតំបន់ម៉ាចាយ័ននៅចំងាយជាង១០០គីឡូម៉ែត្រពីតំបន់តំបន់ព្រំដែនលីបង់ និងអ៊ីស្រាអ៊ែល។
ឯកឧត្តម ថា ជារួមនៅក្នុងអំឡុងពេលនេះ ភាគីអង្គការសហប្រជាជាតិ តម្រូវអោយគ្រប់ទ័ពមួកខៀវទាំងអស់ ត្រូវបន្តធ្វើការងារនៅតែនៅក្នុងទីក្រុងឆ្ងាយពីព្រំដែននិងជាតំបន់មានសុវត្ថិភាព ហើយកងកម្លាំងត្រូវស្តាប់តាមបទបញ្ហានានារបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិដែលនៅជាកណ្តាលរវាងលីបង់ និងអ៊ីស្រាអ៊ែល។
សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ កម្ពុជា មានទ័ពមួកខៀវចំនួនជាង១៨០នាក់ បាននិងកំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហើយចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់នេះ កម្ពុជា មានកងទ័ពមួកខៀវប្រមាណជាង ៧៣០០នាក់ បានចូលរួមការងារបេសកកម្មថែរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសមានជម្លោះសង្គ្រាមចំនួន៩ រួមមាន៖ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាធារណរដ្ឋអាហ្វ្រឹកកណ្តាល ប្រទេសម៉ាលី ឆាដ សាយប្រ៊ុយ ស៊ីរី យេម៉េន ។ សម្រាប់បច្ចុប្បន្ននេះ វិញ កម្ពុជា មានទ័ពមួកខៀវប្រមាណជិត ៨០០នាក់ បាននិងកំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រឹកកណ្តាល លីបង់ និងប្រទេសម៉ាលី៕អត្ថបទ៖ ស៊ុម សុខជា