កោះកុង៖ អគ្គនាយកអគ្គិសនីកម្ពុជា បានជូនដំណឹងទៅកាន់ម្ចាស់ទូកនេសាទ កាណូត និងកប៉ាល់ធំៗ ហាមឱ្យមិនបោះយុថ្កានៅទីតាំងគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ ដោយតម្រូវឱ្យរក្សាគម្លាត២០០ម៉ែត្រ។
លោក ង៉ែត សុខន អគ្គនាយកស្តីទីអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក បាន ជូនដំណឹងមកកាន់រដ្ឋបាលខេត្តកោះកុង អំពីការងារតភ្ជាប់បណ្តាញអគ្គិសនីតង់ស្យុង២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល ក្នុងតំបន់ខេត្តកោះកុង និងខេត្តព្រះសីហនុ ក្រោមបាតសមុទ្របញ្ចប់ជាស្ថាពរ។
អគ្គនាយកស្តីទីអគ្គិសនីកម្ពុជា បានបន្តថា តំបន់ដែលសាងសង់ខ្សែបណ្តាញអគ្គិសនី មានជាលើអាកាស និងខ្សែកប់ក្រោមបាតសមុទ្រឆ្លងកាត់កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ដោយបានសម្ពោធដាក់ឱ្យជាផ្លូវការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។
ដើម្បីថែរក្សាការពារសុវត្ថិភាព និងទប់ស្កាត់គ្រោះហានិភ័យប្រការណាមួយនោះ អគ្គិសនីកម្ពុជា បានស្នើសុំលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយផ្សព្វផ្សាយ និងជូនដំណឹងដល់ម្ចាស់ទូកនេសាទធំៗ និងក្រុមហ៊ុនដែលមានកាណូត កប៉ាល់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តាកោះមួយចំនួនខាងលើក្នុងខេត្តដោយហាមមិនឱ្យបោះយុទ្ធការនៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ២០០ម៉ែត្រពីគន្លងខ្សែកប់ក្រោមបាតសមុទ្រ ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
ទាក់ទិននឹងការជូនដំណឹងរបស់អគ្គិសនីកម្ពុជានេះដែរ ត្រូវបានលោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ អះអាង នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា មកទល់ពេលនេះ លោកមិនទាន់ទទួលបានលិខិតជូនដំណឹងពីអគ្គិសនីកម្ពុជានោះទេ អំពីការហាមប្រាមមិនឱ្យបោះយុថ្កាលើខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ ក្នុងភូមិសាស្រ្តរបស់លោក។
ប៉ុន្តែប្រសិនបើមានទទួលការណែនាំពីស្ថាប័នជំនាញ និងលោកជំទាវអភិបាលខេត្ត លោកនឹងចុះទៅផ្សព្វផ្សាយទៅកាន់ម្ចាស់ទូកនេសាទ កាណូត និងកប៉ាល់ ដើម្បីជ្រាបជាព័ត៌មាន ហើយចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕ អត្ថបទ ឈឹម មករា




