ទួរគី៖ ការិយាល័យអភិបាលក្រុង Izmir បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនមានជំងឺផ្លូវចិត្ត» ម្នាក់ បានវាយប្រហារស្ថានកុងស៊ុលស៊ុយអែត នៅខេត្ត Izmir របស់ប្រទេសទួរគី កាលពីថ្ងៃអង្គារ ដោយបានធ្វើឲ្យបុគ្គលិកស្ថានកុងស៊ុលទួរគីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

យោងងតាមសេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា ជនជាតិទួរគីដែលរងរបួសនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបណ្តុះបណ្តាល និងស្រាវជ្រាវ Tepecik ដើម្បីព្យាបាល បន្ទាប់ពីរងនូវការវាយប្រហារដែលបានកើតឡើងនៅម៉ោង ១២:៤៥យប់ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៩:៤៥ ម៉ោងសកល)។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា អ្នកវាយប្រហារត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតផ្នែកច្បាប់ កំពុងដំណើរការ។
ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីមានបាតុករ ២នាក់ ដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ានរបស់អ្នកកាន់អ៊ីស្លាម នៅខាងក្រៅសភារបស់ប្រទេសស៊ុយអែត ក្នុងទីក្រុង Stockholm កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) ដែលជាការប្រព្រឹត្តចុងក្រោយបង្អស់ សម្រាប់ហេតុការណ៍បែបនេះ ក្នុងរដ្ឋធានីស៊ុយអែត នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
