ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានក្រើនរំលឹកទៅដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឱ្យពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីជម្រាបជូននៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានប្រាប់ទៅអភិបាលរាជធានី និងខេត្តទូទាំងប្រទេសថា វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្ដាលកន្លងមកនេះ គឺជាមេរៀនសម្រាប់ដកស្រង់យកទៅប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួនតាមស្ថានភាពជាក់ស្ដែង។
ឯកឧត្ដម ម៉ម ប៊ុនហេង ក៏បានជំរុញឱ្យបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវដទៃទៀត។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានជំរុញទៅអាជ្ញាធរតាមរាជធានី និងខេត្តឱ្យផ្ដល់ការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ផងដែរ៕អត្ថបទ ៖ សុធី