
កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញមនុស្ស ០៧នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ដែលសុទ្ធតែពលករ និងកម្មការិនីវិលត្រឡប់ទៅពីតំបន់ផ្សេងៗ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំបញ្ជាក់ថា ពលករ ០២នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពួកគេវិលត្រឡប់មកពីប្រទេសថៃ ហើយកម្មការិនី ០២នាក់ ក៏ត្រូវបានរកឃើញឆ្លងផងដែរ បន្ទាប់ពីពួកគេវិលត្រឡប់ពីរោងចក្រនៅកាលីងតុន ស្ថិតក្នុងស្រុកជើងព្រៃ។
ចំណែកឯពលរដ្ឋ ០៣នាក់ទៀត រដ្ឋបាលកំពង់ធំបញ្ជាក់ថា ពួកគាត់ធ្វើដំណើរមកពីខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តនេះក៏បានអំពាវនាវទៅដល់អ្នកពាក់ព័ន្ធឱ្យទៅផ្ដល់សំណាក់ និងដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពខ្លួន៕