
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីសារៈប្រយោជន៍ដ៏ធំធេងនៃការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ ផ្លូវ ស្ពាន ជាពិសេសផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់ គឺដោយសារតែកំណើន នៃប្រជាពលរដ្ឋតាមរយៈការរីកចម្រើននៃប្រទេសជាតិ។
សម្តេចតេជោ បានមានប្រសាសន៍ជាថ្មី អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ នៃការដឹកនាំប្រទេស ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រឡាក់ក្រឡា ទាំងនៅទីក្រុង និងជនបទ ដើម្បីបំរើដល់ការធ្វើដំណើរឱ្យបានងាយស្រួលជូនដល់ពលរដ្ឋនេះ ត្រូវបានលើកឡើងនៅក្នុងពេលដែលសម្តេចមានវត្តមានដ៏ខ្ពង់ខ្ពស់ជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាង៥២គីឡូម៉ែត្រ ដែលប្រារព្ធធ្វើឡើងនៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែសីហានេះ។
នៅក្នុងពិធីនេះ សម្តេច បានដាក់ចេញជាសំណួរថា ហេតុអ្វីបានជាចាំបាច់ត្រូវធ្វើផ្លូវក្រវាត់ក្រុង។សម្តេច បានបន្តថា គឺដោយសារតែផ្តើមចេញពីតម្រូវការរបស់ប្រជាជនរបស់យើង ហើយបើប្រទេសជាតិមិនមានការរីកលូតលាស់ទេ នោះក៏យើងមិនចាំបាច់ធ្វើផ្លូវក្រវាត់ក្រុងលេខ១ លេខ២ ឬលេខ៣នេះជាបន្តបន្ទាប់ដែរ។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់ មូល មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិ លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូត ដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕