ឥណ្ឌា៖ ការហាមប្រាមការនាំចេញអង្កររបស់ប្រទេសឥណ្ឌា អាចបង្កផលប៉ះពាល់ពាសពេញទីផ្សារអង្ករពិភពលោក ហើយមនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ផងដែរ ដោយអ្នកប្រើប្រាស់អាស៊ី ព្រមទាំងអាហ្រ្វិក នឹងទទួលរងនូវផលប៉ះពាល់ដ៏ខ្លាំងបំផុត។
ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក បានហាមប្រាមការនាំចេញអង្ករសដែលមិនមែនជាពូជបាសម៉ាទី កាលពីថ្ងៃទី២០ ខែកក្កដា ខណៈដែលរដ្ឋាភិបាលបានព្យាយាមទប់ទល់នឹងកំណើនតម្លៃអាហារក្នុងស្រុក និងធានាឱ្យបាននូវការទិញអង្ករក្នុងស្រុកបានគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ។ ប្រទេសនេះមានការនាំចេញអង្ករច្រើនជាង ៤០% នៃពាណិជ្ជកម្មអង្ករពិភពលោក។
ក្រៅពីអាស៊ី បណ្ដាប្រទេសអាហ្វ្រិក និងមជ្ឈិមបូព៌ាជាច្រើន ក៏ងាយរងការហាមប្រាមការនាំចេញនេះផងដែរ។ នេះមិនមែនជាលើកទីមួយទេរបស់ប្រទេសឥណ្ឌា ដែលដាក់បម្រាមនាំចេញលើអង្ករដែលមិនមែនជាពូជបាសម៉ាទី ប៉ុន្តែផលប៉ះពាល់លើកនេះអាចមានជះឥទ្ធិពលខ្លាំងជាងពេលមុនទៅទៀត៕


