ភ្នំពេញ ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយអំពីប្រទេសរុស្ស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រុស្ស៊ី-អាហ្វ្រិកលើកទីពីរ នៅទីក្រុង St Petersburg ដោយមានការចូលរួមពីភ្ញៀវបរទេស មកពីប្រទេសចំនួន ៤៨ នៅជុំវិញពិភពលោក ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅតំបន់អាហ្វ្រិក ។
ការផ្សព្វផ្សាយពីកិច្ចប្រជុំ រុស្ស៊ី-អាហ្រ្វិកនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានខ្លីនៅថ្ងៃព្រហស្បតិ៍ទី៣ ខែសីហានេះ នៅស្ថានទូតរុស្ស៊ី ដែលក្នុងសន្និសីទនោះ ស្ថានទូតរុស្ស៊ីក៏បានលើកឡើងផងដែរអំពីសកម្មភាពភេរវកម្មរបស់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
ក្នុងចំណោមសកម្មភាពភេរវកម្មរបស់ប្រទេសអ៊ុយក្រែន គឺមានដូចជា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ពាននៅតំបន់គ្រីមា (Crimea bridge) បានរងការវាយប្រហារ ដែលបណ្តាលអោយជនស៊ីវិលចំនួន២នាក់បានបាត់បង់ជីវិត ហើយកាលពីថ្ងៃ ទី២៤, ៣០ និងទី៣១ ខែកក្កដាដដែលនេះ យានដ្រូនអ៊ុយក្រែនចំនួន១៧គ្រឿងបានវាយប្រហារលើទីក្រុង ម៉ូស្កូវ និងលើតំបន់ គ្រីមាផងដែរ ដែលនេះគឺជាអំពើភេរវកម្ម ដែលប្រព្រឹត្តឡើងដោយប្រទេសអ៊ុយក្រែន ៕
