
សន្ទុះខ្យល់បក់ខ្លាំង បោកបក់ជុំវិញតំបន់ភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃពុធ ពេលដែលព្យុះរដូវក្តៅ វាយប្រហារតំបន់មួយនេះ ពោលគឺផ្ទុយគ្នាស្រឡះនិងតំបន់ភាគខាងត្បូងអឺរ៉ុប ដែលរងការវាយប្រហារដោយរលកកម្តៅ ។
យោងតាមការអះអាងរបស់សេវាកម្មឧតុនិយម Meteo France បានឲ្យដឹងថា រលកសមុទ្រធំៗ បានបោកច្រាំងនៅតាមតំបន់ឆ្នេរទីក្រុង Wimereuxស្របពេលដែលប្រជាពលរដ្ឋពាក់អាវភ្លៀង ពេលដើរលំហែរតាមមាត់សមុទ្រ នៅពាក់កណ្តាលរដូវក្តៅ ខណៈដែលល្បឿនខ្យល់បក់ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៨០គ.មក្នុង១ម៉ោង នៅទីក្រុងភាគខាងជើងប្រទេសបារាំងមួយនេះ ។
សេវាកម្ម Meteo Franceព្យាករណ៍សីតុណ្ហភាពចន្លោះពី ១៧ ដល់ ២០អង្សាសេ ហើយនិងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង ដែលវាទាបជាងសីតុណ្ហាភាពមធ្យមធម្មតា ២៤អង្សាសេអំឡុងខែសីហា ។
ស្របពេលដែលក្រុមរបស់លោក យកចេញការតាំងបង្ហាញរូបថតនៅលើឆ្នេរដោយសារហានិភ័យនៃការជន់លិចតាមមាត់សមុទ្រ លោក Philippe Richetគឺជាមន្រ្តីក្រុង Wimereuxនិយាយថា ពួកយើងនឹងឆ្ងល់ ហើយនិយាយថា វាដូចជាសីតុណ្ហភាពក្នុងខែវិច្ឆិកា។
លោកបន្តថា វាគឺជាលើកដំបូងហើយដែលទីក្រុងមួយនេះ មើលឃើញមានខ្យល់ព្យុះបក់ខ្លាំងនៅដើមរដូវនេះ។
ស្ថានភាពអាកាសធាតុដូចជារដូវស្លឹកឈើជ្រុះនៅក្នុងតំបន់ បានកើតមានឡើង ស្របពេលរលកកម្តៅវាយប្រហារប្រទេសជាច្រើន ដូចជាអេស្ប៉ាញ និងភ្លើងឆេះព្រៃឆាបឆេះកោះ Rhodes របស់ប្រទេសក្រិក៕