រុស្ស៊ី៖ អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ី លោក អាឡិច ណាវ៉ាល់នី (Alexei Navalny) រំពឹងថា តុលាការនឹងបន្តការកាត់ទោសឲ្យជាប់ពន្ធនាគារជិតពីរទសវត្សរ៍បន្ថែមទៀត នៅថ្ងៃសុក្រនេះ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលលោក និងក្រុមអ្នកគាំទ្ររបស់បាននិយាយថា ត្រូវបានបង្កើតឡើង ដើម្បីបន្តឃុំខ្លួនលោកនៅក្នុងពន្ធនាគារ និងក្រៅឆាកនយោបាយកាន់តែយូរ។
លោកNavalny វ័យ ៤៧ ឆ្នាំ ដែលជាអ្នករិះគន់ក្នុងស្រុកគ្មានសំចៃមាត់បំផុតលើលោក ប្រធានាធិបតី Vladimir Putin បានកំពុងជាប់ពន្ធនាគារសរុប ចំនួន១១ឆ្នាំកន្លះរួចទៅហើយពីបទក្លែងបន្លំ និងបទចោទប្រកាន់ផ្សេងទៀតដែលលោកនិយាយថាជារឿងក្លែងក្លាយផងដែរ។ ចលនានយោបាយរបស់លោកត្រូវបានគេដាក់ចេញក្រៅច្បាប់ និងបានប្រកាសថាជនជ្រុលនិយម។
ក្រុមរដ្ឋអាជ្ញាបានស្នើឲ្យតុលាការផ្តន្ទាទោសលើរូបលោកឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ បន្ថែមទៀតនៅក្នុងពន្ធនាគារព្រហ្មទណ្ឌលើបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន៦ដាច់ដោយឡែកពីគ្នា រួមទាំងការញុះញង់ និងផ្តល់ហិរញ្ញប្បទានដល់សកម្មភាពជ្រុលនិយម និងការបង្កើតអង្គការជ្រុលនិយម។
នៅក្នុងសារមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ លោក Navalny បាននិយាយថា លទ្ធផលអាចតិចជាងបន្តិចគឺប្រហែល១៨ ឆ្នាំ ប៉ុន្តែគ្មានបញ្ហាអ្វីឡើយ ដោយសារតែលោកក៏ត្រូវបានគំរាមកំហែងជាប់ពាក់ព័ន្ធការចោទប្រកាន់អំពើភេរវកម្មដែលអាចបន្ថែមពេលវេលាមួយទសវត្សរ៍ទៀត។
លោកបាននិយាយថា គោលបំណង នេះ នឹងបំភ័យដល់ជនជាតិរុស្ស៊ី ប៉ុន្តែបានជំរុញពួកគេកុំឲ្យរឿងនោះកើតឡើង ហើយត្រូវគិតឲ្យបានល្អិតល្អន់អំពីរបៀបដែលល្អបំផុតដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ជនទុច្ចរិត និងចោរ នៅក្នុងវិមានក្រឹមឡាំង៕

