ប៉ូឡូញ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាទើស ម៉ូរ៉ាវីស្គី (Mateusz Morawiecki) បានចោទប្រកាន់ទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ី នៅប្រទេសបេឡារុសជុំវិញការព្យាយាម«ធ្វើឲ្យអស្ថិរភាពដល់អង្គការណាតូ តាមរយៈ «ការវាយប្រហារកូនកាត់»ដែលបានគ្រោងធ្វើនៅតាមបណ្តោយព្រំដែនភាគខាងកើត។
លោកម៉ូរ៉ាវីស្គី និងប្រធានាធិបតីលីទុយអានី លោក នីតាណាស ណូសេដា (Gitanas Nauseda) បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ស្មុគស្មាញជាយុទ្ធសាស្រ្ត ដែលប្រទេសណាតូរបស់ពួកគេមានព្រំប្រទល់ជាប់ប្រទេសបេឡារុស និងទឹកដីទីក្រុងកាលីនីងរ៉ាដ (Kaliningrad) របស់រុស្ស៊ី ដោយព្រមានថា ពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការបង្កហេតុពីទីក្រុងមូស្គូ និងទីក្រុងមិនស្ក៍ ( Minsk) នៅក្នុងតំបន់។
លោកម៉ូរ៉ាវីស្គី និងលោក ណូសេដា បានជួបគ្នានៅស៊ុវ៉ាល់គី (Suwalki) ដែលជាទីក្រុងមួយនៅតំបន់ច្រករបៀងស៊ុវ៉ាល់គី (Suwalki Gap) ដែលជាដីដែលមានប្រជាជនតិចណាស់ ដែលលាតសន្ធឹងចម្ងាយ ៦០ ម៉ាយ តាមព្រំដែនប៉ូឡូញ-លីទុយអានី។
ដោយត្រូវបានគេស្គាល់ផងដែរថា ជាច្រករបៀងស៊ូវ៉ាល់គី ទឹកដីដែលលាតសន្ធឹងនេះ ភ្ជាប់រដ្ឋបាល់ទិកទាំងបីនៃប្រទេសលីទុយអានី ឡាតវី និងអេស្តូនីជាមួយនឹងសម្ព័ន្ធភាពណាតូ។ វាបំបែកប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់ប្រទសរុស្ស៊ីចេញពីទីក្រុងកាលីនីងរ៉ាដ ដែលជាតំបន់មានយោធាយ៉ាងច្រើនរបស់រុស្ស៊ី មានទីតាំងនៅសមុទ្របាល់ទិក ដែលបំបែកចេញពីដីគោករបស់រុស្ស៊ី៕


