បូលីវី៖ជីវិតរស់នៅប្រចាំថ្ងៃរបស់គ្រួសារជនជាតិដើមភាគតិចនៅជិតបឹង Titicacaប្រទេសបូលីវី រងការកំរាមកំហែងខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួត បង្កការលំបាកខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការធ្វើកសិកម្មចិញ្ចឹមជីវិត ។
ការងារប្រចាំថ្ងៃរបស់អ្នកភូមិដូចជាលោក Huarina និងអ្នកស្រី Chuaបានរងផលប៉ះពាល់ដោយសារតែកង្វះខាតទឹក ។ ដោយសារតែគ្រោះរាំងស្ងួត ទូកបច្ចុប្បន្នបានចតចោលនៅលើមាត់បឹងស្ងួត ដែលនៅឆ្ងាយពីផែ និងមានចំណីតិចតួចប៉ុណ្ណោះ សម្រាប់ការចិញ្ចឹមសត្វ ហើយការដាំដំណាំ ក៏ពិបាកខ្លាំងណាស់ដែរ ។

អ្នកស្រី Gabriel Flores Floresគឺជាអនុប្រធានក្រុមប្រឹក្សាស្រុក Arasayaនិយាយថា កង្វះខាតទឹក ដែលកំពុងឲ្យប៉ះពាល់ដល់សហគមន៍ គឺជាផលវិបាកមួយនៃសកម្មភាពក្រុមហ៊ុនបរទេសនៅក្នុងតំបន់នោះ ។
អ្នកស្រី Floresបន្តថា ហេតុអ្វីបានជាពួកយើងមើលឃើញការឡើងកម្តៅផែនដី? គឺដោយសារតែឧស្សាហកម្មបរទេសធំៗ របស់អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចិន ។ ប្រទេសធំៗទាំងនេះ គឺជាអ្នកបង្កឲ្យមានការបំពុល ហើយពួកយើងគឺជារងផលប៉ះពាល់ ។ ដូចដែលអ្នកឃើញស្រាប់ហើយថា ទឹករីងស្ងួតអស់ទៅហើយ ។ វាត្រូវស្ងួតបែបនេះ បើសិនជាផែនដីរងការឆាប់ឆេះហើយនោះ ។
យោងតាមការអះអាងរបស់លោក Lucia Walperដែលជាវិស្វករនៅសេវាឧតុនិយម និងជលសាស្ត្រជាតិបូលីវី បានឲ្យដឹងថា ទឹកជំនន់ធម្មតានៅក្នុងបឹង លែងមានអស់រយៈពេល ៣ឆ្នាំចុងក្រោយនេះ ជាហេតុនាំឲ្យមានកង្វះខាតទឹកក្នុងបឹង ៕
