មនុស្សរាប់ពាន់នាក់ បានចូលលុកលុយក្នុងទីលាន Union Square នៅទីក្រុងញូវយ៉ក និងផ្លូវនៅជុំវិញនោះ កាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមអ្នកផ្សាយផ្ទាល់ដ៏ពេញនិយមមួយបានប្រកាសពីព្រឹត្តិការណ៍ «ផ្តល់ជូនឥតគិតថ្លៃ» ដែលបានធ្វើឲ្យមានភាពចលាចល ជំរុញឱ្យមន្ត្រីនគរបាលរាប់រយនាក់ឆ្លើយតប និងបំបែកហ្វូងមនុស្ស។

ព្រឹត្តិការណ៍នេះត្រូវបានផ្សព្វផ្សាយដោយលោក Kai Cenat ដែលត្រូវបានគេស្គាល់ច្បាស់បំផុតសម្រាប់ការផ្សាយផ្ទាល់របស់លោកនៅលើគេហទំព័រហ្គេម Twitch និងវីដេអូ YouTube ។ កាលពីពេលមុនលោកបានប្រកាស «ការផ្តល់ជូនកាដូដ៏ធំ» នៅលើគណនី Instagram របស់លោកនៅម៉ោង ៤ ល្ងាចម៉ោងក្នុងតំបន់។ នៅមុនពេលព្រឹត្តិការណ៍នេះចាប់ផ្តើម វីដេអូពីឧទ្ធម្ភាគចក្រអ្នកសារព័ត៌មាន បានបង្ហាញឲ្យឃើញមនុស្សកំពុងគប់ដប និងកៅអី ឡើងទៅលើដំបូលច្រកចូលរថភ្លើងក្រោមដី ហែករបាំងសំណង់ ឈរពីលើរថយន្ត និងដកចេញបំពង់ពន្លត់អគ្គីភ័យ។

វីដេអូពីឧទ្ធម្ភាគចក្រព័ត៌មានទូរទស្សន៍ បានបង្ហាញលោក Cenat នៅក្នុងរថយន្ត SUV ពណ៌ខ្មៅមួយគ្រឿង ឈរដោយក្បាលរបស់លោកអើតចេញតាមដំបូលរថយន្ត ខណៈមនុស្សចោមរោមរថយន្ត។ យ៉ាងហោចណាស់មានមនុស្សម្នាក់បានធ្លាក់ពីលើរថយន្ត ខណៈបើកគេចចេញពីកន្លែងកើតហេតុ។ ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ថា តើអ្វីបានបង្កឲ្យមានភាពចលាចលនោះទេ។
អ្នកនាំពាក្យ នាយកដ្ឋានដ្ឋាននគរបាលក្រុងបាននិយាយថា ពុំមានអ្នករងរបួសណាម្នាក់ត្រូវបានគេរាយការណ៍នោះទេ គិតត្រឹមម៉ោង ៤ និង ៤៥ នាទីល្ងាចហើយថានៅពុំទាន់មានព័ត៌មានអំពីចំនួននៃការចាប់ខ្លួននៅឡើយ។ នៅក្នុងការណែនាំតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នាយកដ្ឋានបានជំរុញឱ្យប្រជាជនជៀសវាង ឲ្យឆ្ងាយពីសួនឧទ្យានដែលនៅជិតសាកលវិទ្យាល័យក្រុងញូវយ៉ក។
លោក Cenat អាយុ ២១ ឆ្នាំទទួលបានអ្នកតាមដាន ៦,៥ លាននាក់នៅលើគេហទំព័រ Twitch និង អ្នកចូលរួម ៤ លាននាក់ នៅលើបណ្តាញ YouTube ។ លោកត្រូវបានគេដាក់ឈ្មោះថា Streamer of the Year( អ្នកផ្សព្វផ្សាយប្រចាំឆ្នាំ) ក្នុងឆ្នាំ ២០២២ នៅក្នុងកម្មវិធី Streamy Awards ។