ភាពតានតឹងនៅតែក្ដៅនៅឡើយនៅក្នុងប្រទេសនីហ្សេ ជាទីដែលក្រុមមេដឹកនាំរដ្ឋប្រហារបានច្រានចោលការទាមទាររបស់ប្លុកតំបន់អាហ្រ្វិកខាងលិច ឲ្យបញ្ចប់ការដណ្ដើមអំណាចដែលត្រូវផុតឱសានវាទ នៅថ្ងៃអាទិត្យនេះ ។

អង្គភាពយោធាមួយ ដែលបានទម្លាក់លោកប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម( Mohamed Bazoum) ដែលត្រូវបានគាំទ្រដោយលោកខាងលិចចេញពីតំណែង កាលពីថ្ងៃទៅ២៦ខែកក្កដាកន្លងទៅ បានប្រកាសបង្កើតរដ្ឋាភិបាលយោធា។
ភាពចលាចលខាងនយោបាយ បានបង្កឲ្យមានការតវ៉ាប្រឆាំងនឹងប្រទេសបារាំងដែលជាអតីតម្ចាស់អាណានិគមរបស់ប្រទេសនេះ ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមេដឹកនាំយោធា បានប្រកាសលុបចោលជាផ្លូវការនូវសន្ធិសញ្ញាសហប្រតិបត្តិការយោធាជាមួយប្រទេសបារាំង នៅក្នុងបំណងផ្លាស់ប្ដូរ ជំហរគាំទ្រដោយលោកខាងលិចរបស់ប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ ។
សហគមន៍សេដ្ឋកិច្ចនៃបណ្ដារដ្ឋនៅអាហ្វ្រិកខាងលិច ឬ ហៅកាត់ថា ECOWAS បានថ្កោលទោសរដ្ឋប្រហារនេះ និងបានព្រមានប្រើកម្លាំង ប្រសិនបើមិនប្រគល់អំណាចជូនលោកប្រធានាធិបតីបាហ្សូមវិញ នៅថ្ងៃកំណត់ ។

ECOWAS បានបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសនីហ្សេ សម្រាប់ការចរចា ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Reuters និងបណ្ដាញសារព័ត៌មានផ្សេងទៀត និយាយថា ក្រុមមន្ត្រីបានចាកចេញអស់ទៅហើយ ដោយសារតែក្រុមមេដឹកនាំយោធាគ្មានបំណងសហការ៕