ទឹកជំនន់បណ្ដាលមកពីព្យុះទីហ្វុងដុកស៊ូរី (Typhoon Doksuri) បានបន្តពន្លិចកសិដ្ឋាន និងទីក្រុងនានានៅក្នុងភាគខាងជើងរបស់ប្រទេសចិន នៅចុងសប្ដាហ៍នេះ ស្របពេលដែលប្រព័ន្ធសង្រ្គោះគ្រោះមហន្តរាយរបស់ប្រទេសនេះ ព្យាយាមដោះស្រាយការបំផ្លិចបំផ្លាញមួយក្នុងចំណោមព្យុះដ៏មានឥទ្ធិពលបំផុតជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ។

យោងតាមសារព័ត៌មានរដ្ឋ ប្រជាពលរដ្ឋជិត១៥.000 នាក់ ត្រូវបានជម្លៀសចេញពីទីក្រុងស៊ូឡាន (Shulan) ក្នុងខេត្តជីលីន(Jilin) សំបូរដោយដំណាំពោតជាទីដែលមនុស្សម្នាក់បានស្លាប់ និង៤នាក់ បាត់ខ្លួន ។
សារព័ត៌មានរដ្ឋបានរាយការណ៍ថា ភ្លៀងនៅតែបន្តធ្លាក់ឥតឈប់នៅក្នុងទីក្រុងស៊ូឡាន ចាប់តាំងពីថ្ងៃទី១ខែសីហាមក ដោយតំបន់មួយចំនួន ទទួលរងទឹកភ្លៀងកម្រិត៤៨៩ មីលីម៉ែត្រ ខ្ពស់ជាង៥ដង ដែលធ្លាប់បានកត់ត្រា។ ស្ពានជាច្រើន ត្រូវបានបាក់រលំ ហើយផ្លូវជាច្រើនទៀត ត្រូវបានរងការខូចខាតទូទាំងទីក្រុង នេះ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន បានបង្ហាញរូបភាពនៃផ្លូវនានា ត្រូវបានគ្របដណ្ដប់ដោយទឹកជំនន់ នៅជុំវិញរោងចក្រនិងលំនៅឋានទាំងឡាយក្នុងទីក្រុងស៊ូឡាន ជាទីក្រុងមួយដែលមានប្រជាជនរស់នៅជាង៧សែននាក់។
កម្រិតទឹកភ្លៀងធ្លាក់បំបែកកំណត់ត្រានេះ បានមកដល់កាលពីចុងខែកក្កដា ខណៈដែលសំណល់ពីព្យុះទីហ្វុងដុកស៊ូរី បាន បោកបក់ដល់ដីគោក វាយប្រហារប្រទេសចិនភាគខាងជើង និងបណ្ដាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនរាប់លាននាក់៕
