
ក្រុមមន្ត្រីរបស់ប្រទេសចិន បានឲ្យដឹង កាលពីថ្ងៃសៅរ៍ (ទី៥ ខែសីហា) ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់ក្នុងហេតុការណ៍ទឹកជំនន់ នៅទីក្រុងមួយ ជិតទីក្រុងប៉េកាំង ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ នៅភាគខាងជើងប្រទេសចិន កើនឡើងដល់យ៉ាងហោចណាស់ ៣០នាក់។
ក្រុមមន្ត្រីបានរាយការណ៍ពីចំនួននៃការស្លាប់នេះ នៅទីក្រុង Baoding ដែលមានចម្ងាយប្រហែល ១៥០គីឡូម៉ែត្រពីទីក្រុងប៉េកាំង ដោយបន្ថែមទៀតថា មនុស្ស ១៨នាក់ បានបាត់ខ្លួន។
ព្យុះ Doksuri ដែលជាអតីតព្យុះទីហ្វុងទំនើប ដែលបានវាយប្រហារប្រទេសចិនដីគោក កាលពីថ្ងៃសុក្រសប្តាហ៍មុន បាននាំឲ្យមានភ្លៀងធ្លាក់ខ្លាំងបំផុតមកកាន់តំបន់នេះ គិតចាប់តាំងពីមានកំណត់ត្រាបែបនេះ បានចាប់ផ្តើមកាលពី ១៤០ឆ្នាំមុន។ ក្រុមមន្ត្រីបាននិយាយថា គិតត្រឹមថ្ងៃត្រង់ថ្ងៃសៅរ៍ (ត្រូវនឹងម៉ោង ៤ព្រឹកម៉ោងសកល) អ្នកស្រុកជាង ៦០០.០០០នាក់នៃចំនួនប្រជាជន ១១,៥លាននាក់របស់ទីក្រុង Baoding ត្រូវបានជម្លៀសចេញពីតំបន់ដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់។
ភ្លៀងធ្លាក់យ៉ាងជោគជាំ ដែលបានវាយប្រហារភាគឦសានប្រទេសចិន កាលពីថ្ងៃសៅរ៍ បានវាយលុកខេត្តជាប់ព្រំដែនរុស្ស៊ី និងកូរ៉េខាងជើង។ ការប្រកាសអាសន្នពណ៌ក្រហម នៅតែមានជាធរមាន ក្នុងទីក្រុងប៉េកាំង ដោយសារ «ហានិភ័យភូមិសាស្ត្រ» ដូចជាបំណាក់ដីជាដើម ដែលទាក់ទងនឹងអាកាសធាតុអាក្រក់។
ជាមួយគ្នានេះ គេឃើញថា ប្រតិបត្តិការបោសសម្អាតកំពុងធ្វើបន្ត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជន់លិចតំបន់ទាំងមូល។ ប្រទេសចិនបានរងការវាយប្រហារយ៉ាងខ្លាំងក្លាពីអាកាសធាតុដ៏អាក្រក់ហួសហេតុបំផុត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយរាប់ចាប់ពីរលកកម្ដៅ ដែលក្ដៅខ្លាំងបំបែកកំណត់ត្រា រហូតដល់ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ៕