អ៊ីតាលី៖ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនៅកោះ Sardinia ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ ស្របពេលដែលប្រជាពលរដ្ឋប្រហែល ៦០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះភ្លាមៗ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ការជម្លៀសខ្លួនមនុស្ស បានធ្វើឡើងនៅសង្កាត់ Podasa និងសង្កាត់ San Giovanni ជាវិធានការប្រការទុកជាមុន ។
រូបភាពវីដេអូឃ្លីបដែលបញ្ចេញដោយកងពន្លត់អគ្គិភ័យអ៊ីតាលី ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅទីក្រុង Cagliari ហើយយន្តហោះពន្លត់អគ្គិភ័យ បានដឹកទឹកពីតំបន់ឆ្នេរសង្កាត់ Monte Longu ដើម្បីពន្លត់ភ្លើងឆេះព្រៃនៅលើកោះមួយនេះ ។
យន្តហោះពន្លត់អគ្គិភ័យ ៧គ្រឿង បានចូលរួមប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ដោយទម្លាក់ទឹកលើអណ្តាតភ្លើង ។

វីដេអូថតបានផងដែរការឆេះបន្លែ និងរបងនៅតាមផ្លូវនៅសង្កាត់ Posada ។
ខ្យល់បក់ខ្លាំង បានរួមចំណែកនាំឲ្យភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស ។ សេវាកម្មពន្លត់អគ្គិភ័យនៅលើកោះ បានបិទផ្លូវហាយវ៉េចម្ងាយ ៤០គ.ម រវាងទីក្រុង Siniscola និងទីក្រុង Olbia ។
សូមបញ្ជាក់ថា តំបន់ភាគខាងត្បូងប្រទេសអ៊ីតាលី ជាពិសេសកោះធំបំផុត និងជាកោះមានប្រជាពលរដ្ឋច្រើនបំផុត Sicilyបានរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃកាលពីខែកក្កដាកន្លងទៅ ៕