ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បាននិយាយកាលពីថ្ងៃចន្ទ (៧ សីហា) ថា ប្រទេសហ្វីលីពីននៅតែបន្តអះអាងអធិបតេយ្យភាព និងសិទ្ធិដែនដីរបស់ខ្លួន ទោះបីជាមានបញ្ហាប្រឈមជាច្រើននៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។

ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ (៦ សីហា) បានចោទប្រកាន់ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ពីបទរារាំង និងបាញ់កាណុងទឹកលើនាវាផ្គត់ផ្គង់យោធាហ្វីលីពីននៅសមុទ្រចិនខាងត្បូង។
ប្រទេសចិនអះអាងអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ជាការអះអាងមួយដែលត្រូវបានបដិសេធជាអន្តរជាតិ ខណៈដែលម៉ាឡេស៊ី វៀតណាម ព្រុយណេ កោះតៃវ៉ាន់ និងហ្វីលីពីន មានការទាមទារផ្សេងៗគ្នាចំពោះតំបន់មួយចំនួនក្នុងសមុទ្រចិនខាងត្បូងនេះផងដែរ។
ការប្រើប្រាស់កាណុងបាញ់ទឹករបស់ឆ្មាំល្បាតឆ្នេរប្រទេសចិន កាលពីថ្ងៃសៅរ៍ (៥ សីហា) មិនមែនជាលើកទីមួយទេ ព្រោះកងឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ក៏ធ្លាប់បានបាញ់ទឹកទៅលើនាវារបស់ទីក្រុងម៉ានីលក្នុងបេសកកម្មផ្គត់ផ្គង់ស្បៀងអាហារ និងទឹកដល់កងទ័ពមួយចំនួន រស់នៅលើនាវាចម្បាំងដែលបានខូចកាលពីខែវិច្ឆិកា ឆ្នាំ២០២១ផងដែរ៕
