ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣ភូមិគឺភូមិតាមា ភូមិទំនប់ថ្មី និងភូមិរង្សី ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ បង្កើតជាសហគមន៍ត្បាញក្រមា ដែលបន្សល់ទុកតាំងពីដូនតា អាចធ្វើឲ្យជីវភាពរបស់ពួកគាត់ បានធូរធាមួយកម្រិត បន្ទាប់ពីធ្វើស្រែចំការជៀសវាងការចំណាកស្រុក ។
ប្រជាពលរដ្ឋឈ្មោះ សយ សារី តំណាងឲ្យពលរដ្ឋដទៃទៀត រស់នៅចំណុចភូមិទំនប់ថ្មីឃុំបេង បានរៀបរាប់ថា គ្រួសាររបស់គាត់ ក៏ដូចជាក្រុមគ្រួសារដទៃទៀត មួយចំនួនបានងាកមកប្រកបមុខរបរត្បាញក្រមា ដែលជារបរមួយមានតាំងបុរាណបានបន្សល់ទុកពីដូនតា បច្ចុប្បន្នមុខរបរនេះ នៅតែបន្តមានប្រជាពលរដ្ឋមួយចំនួនបន្តធ្វើរបរនេះ ព្រោះរបរត្បាញក្រមាអាចផ្តល់ប្រយោជន៍ច្រើនដល់ពួកគាត់បន្ទាប់ពីធ្វើស្រែចំការ។
ពលរដ្ឋរូបនេះ បានបន្តថា ការត្បាញក្រមាប្រសិនបើយើងខិតខំនោះ ក្នុងមួយថ្ងៃអាចត្បាញបានចំនួនពីរទៅបីប្រមាផងដែរ ។ ក្រមាមួយអាចលក់បានតម្លៃជាងពីរម៉ឺនរៀល ទៅតាមប្រភេទសាច់ក្រមា ។ ក្នុងនោះនៅពេលយើងធ្វើបានហើយនោះ មានខាងមន្ទីរកិច្ចការនារីខេត្តមកទទួលទិញពីបងប្អូន និងជួយរកទីផ្សារឲ្យមិនលំបាកបងប្អូនយកទៅលក់នៅលើទីផ្សារនោះទេ ដោយតម្លៃសមរម្យដូចលើទីផ្សារផងដែរ។
យ៉ាងណាម៉ិញលោកស្រីឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានលើកឡើងថា ការត្បាញក្រមានេះ មិនមែនសុទ្ធតែអ្នកស្រុកបន្ទាយអំពឹលចេះត្បាញទាំងអស់គ្រប់គ្នានោះទេ គឺក្រុមការងារជ្រើសរើស និងជួយឧបត្ថម្ភចំពោះតែពលរដ្ឋណាមានជំនាញស្រាប់ និងអ្នកមិនចេះអាចរៀនបន្តពីអ្នកចេះក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានជំនាញត្បាញនេះ។
លោកស្រីបញ្ជាក់ថា ក្នុងនោះមន្ទីរកិច្ចការនារីខេត្តបានជ្រើសអ្នកដែលមានជំនាញចេះត្បាញស្រាប់នៅតាមបណ្តាលក្រុងស្រុកគោលដៅ រួមមាន៖ ស្រុកចុងកាល់ ក្រុងសំរោង និងស្រុកបន្ទាយអំពឹល ដើម្បីបង្កើតជាសហគមន៍នៅតាមមូលដ្ឋានរៀងៗខ្លួន រាល់សំម្ភារៈ និងរបស់របរប្រើប្រាស់ផ្សេងៗដែលពលរដ្ឋពុំមានលទ្ធភាពទិញខាងមន្ទីរជាអ្នកជួយឧត្ថម្ភធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋអាចរកចំណូលបានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ជីវភាពក្នុងក្រុមក្រួសាររបស់ពួគាត់។
ជាមួយគ្នានោះដែរលោកស្រី ក៏បានអំពាវនាវដល់អាជីវករ និងតាមមន្ទីរស្ថាប័ននានាជុំវិញខេត្តធ្វើយ៉ាងណាជួយគាំទ្រ និងទិញផលិតផលដែលជាស្នាដៃរបស់កូនខ្មែរដែលធ្វើចេញពីដៃផ្ទាល់របស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ និងជំរុញឲ្យមានការផលិតបន្ថែមទៀត ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ផងដែរ៕




