ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួនមនុស្ស ៤នាក់ពាក់ព័ន្ធករណីបើកទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាម ជាល្បែងខុសច្បាប់ ជ្រកក្រោមអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី និងដកហូតវត្ថុតាងបានមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង ៣និង៥០នាទីល្ងាចថ្ងៃទី៧ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១២ ផ្លូវលេខ៩៣ ភូមិ៦សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបកម្លាំងជំនាញបានធ្វើការ ស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងក្នុងករណី បើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ដោយប្រើម៉ាស៊ីនអេឡិចត្រូនិចកត់កន្ទុយលេខឆ្នោតវៀតណាម ជ្រកក្រោមអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងការប្រើប្រាស់សម្រាប់កត់កន្ទុយលេខឆ្នោតវៀតណាមនេះ រួមមាន៖ ម៉ាស៊ីនអេឡិចត្រូនិចគ្មានម៉ាក ពណ៌ខ្មៅខៀវ សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ដើម្បីចេញសន្លឹកឆ្នោតវៀតណាម ចំនួន០១គ្រឿង។ ម៉ាស៊ីនអេឡិចត្រូនិច ម៉ាកSUNMI V2S ពណ៌ទឹកក្រូចលាយខ្មៅសម្រាប់ចេញកន្ទុយសន្លឹកឆ្នោតវៀតណាម ចំនួន០១គ្រឿង។ ម៉ាស៊ីនអេឡិចត្រូនិចម៉ាក MODERN LOTTERY ពណ៌ខៀវ សម្រាប់ចេញកន្ទុយសន្លឹកឆ្នោត ចំនួន០១ គ្រឿង និងកន្ទុយសន្លឹកឆ្នោតវៀតណាម ដែលចាក់រួច មួយចំនួន។
ក្រោយធ្វើការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបាននាំខ្លួនមនុស្សទាំង០៤នាក់ទៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ




